(វ៉ាស៊ីនតោន)៖ នាយកកងការពារអាមេរិក Secret Service លោកស្រី Kimberly Cheatle បានទទួលស្គាល់កាលពីថ្ងៃទី២២ ខែកក្កដា ថាទីភ្នាក់ងាររបស់លោកស្រីពិតជា បរាជ័យនៅក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាកដមែន តែបានច្រានចោលការអំពាវនាវឱ្យលោកស្រីលាលែងចេញ ពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងអំឡុងការសួរចម្លើយពីគណៈកម្មាធិការរដ្ឋសភាអាមេរិកស្ដីពីអធិការកិច្ច និងគណនេយ្យភាព (House Committee on Oversight and Accountability) លោកស្រី Kimberly Cheatle បានបញ្ជាក់ថាបេសកកម្មរបស់កងការពារ Secret Service នោះគឺការពារថ្នាក់ដឹកនាំសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា លោកស្រី បានទទួលស្គាល់ថា «កាលពីថ្ងៃទី១៣ ខែកក្កដា យើងបានបរាជ័យ ហើយក្នុងនាមជានាយកកងការពារ Secret Service សហរដ្ឋអាមេរិក ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ចំពោះចន្លោះប្រហោងសន្តិសុខណាមួយ»។
បើតាមលោកស្រី Cheatle ការវាយប្រហារប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ ដែលបានរងរបួសស្រាលត្រង់ស្លឹកត្រចៀកខាងស្ដាំ អំឡុងថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតទីក្រុង Butler រដ្ឋ Pennsylvania គឺជាបរាជ័យខាងសន្តិសុខដ៏ធំបំផុតមិនធ្លាប់មានរបស់ Secret Service ក្នុងរយៈពេលច្រើនទសវត្សរ៍ មកនេះ។ នាយករូបនេះបន្ថែមថា «ពិតណាស់ វាជាកំហុសមួយ ហើយយើងនឹងប្រឹងប្រែងដើម្បីធានាឱ្យបានថារឿងបែបនេះនឹងមិនកើតឡើងជាថ្មីនោះទេ»។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមានអាយុ ២០ឆ្នាំ បានប្រើប្រាស់កាំភ្លើងម៉ាក AR-style ក្នុងការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ ចេញពីដំបូលអគារមួយនៅក្បែរឆាកដែលលោក ត្រាំថ្លែងសុន្ទរកថា។ តែមិនបានសម្រេច ហើយរូបគេត្រូវបានក្រុមអ្នកលបបាញ់របស់កងការពារ Secret Service បាញ់សម្លាញ់ភ្លាមៗនៅកន្លែង។ លោកស្រី Kimberly Cheatle បានបម្រើការងារជាភ្នាក់ងារ Secret Service អស់រយៈពេល ២៧ឆ្នាំ មុននឹងចាកចេញពីតួនាទីនេះទៅធ្វើជាប្រធានសន្តិសុខក្រុមហ៊ុន PepsiCo ប្រចាំតំបន់ អាមេរិកខាងជើង។ លោកស្រីត្រូវបានតែងតាំងជានាយក Secret Service ដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីឆ្នាំ២០២២៕