(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងសប្ដាហ៍នេះដើម្បីពង្រឹងទំនាក់ទំនង ឱ្យកាន់តែស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទប់ទល់នឹងឥទ្ធិពលចិន នៅក្នុងតំបន់។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Daniel Kritenbrink ជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដាថាក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ លោក Blinken នឹងធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាម ឡាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី និងម៉ុងហ្គោលី ដើម្បីបញ្ជូនសារនៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ទៅកាន់សម្ព័ន្ធមិត្តនៅក្នុងតំបន់។ សហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនការទំនាក់ទំនងជាមួយបណ្ដាប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយបណ្ដាប្រទេសអាស៊ានណាដែលមានជម្លោះទឹកដីជាមួយចិន នៅឯសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍របស់លោក Blinken ក៏នឹងមានរួមបញ្ចូលការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវផងដែរ ជាទីដែលលោកនឹងត្រូវជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ លោក Blinken នឹងផ្ដើមធ្វើទស្សនកិច្ចរបស់លោក នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដោយនឹងត្រូវចូលរួមក្នុងពិធីបុណ្យសពរបស់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ៕