(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ជប៉ុន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចពិភាក្សាស្តីពីសន្តិសុខនៅជប៉ុននៅថ្ងៃទី២៨ ខែកក្កដា ដើម្បីជំរុញទៅមុខនូវអ្វីដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅថាការធ្វើឱ្យប្រសើរឡើងប្រវត្តិសាស្ត្រនៅក្នុងសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេសជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចពិភាក្សាដែលគេហៅថា «២+២» នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ដើម្បីការពារសម្ព័ន្ធមិត្ត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធបញ្ជាការយោធា។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីជប៉ុនរបស់លោក គឺលោកស្រី Yoko Kamikawa ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ខណៈដែលលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើកិច្ចពិភាក្សាបីជ្រុងជាមួយសមភាគីរបស់លោកមកពីជប៉ុន និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កាលពីខែមេសា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោនបានប្រកាសអំពីគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីពង្រឹងចំណងទាក់ទងរបស់ពួកគេ ដែលលោក Biden ហៅថាជាការធ្វើឱ្យប្រសើរឡើងដ៏សំខាន់បំផុត ចាប់តាំងពីសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅឆ្នាំ ១៩៥១ បានចាប់ផ្តើម។
ទាំងនេះរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្មការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធបញ្ជាការយោធា ខណៈដែលប្រទេសទាំងពីរកំពុងសម្លឹងមើលការគំរាមកំហែងក្នុងតំបន់ ដែលពួកគេមើលឃើញថាកើតចេញពីប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី៕