(ក្រូអាត)៖ មនុស្សប្រាំនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Daruvar ភាគខាងកើតប្រទេសក្រូអាត នៅថ្ងៃចន្ទនេះ ហើយជនបង្កហេតុត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។
ជនបង្កហេតុ ដែលជាអតីតប៉ូលីសយោធាដែលចូលនិវត្តន៍ ត្រូវបានគេជឿថាជាសមាជិកគ្រួសាររបស់ជនរងគ្រោះម្នាក់ បានចូលទៅក្នុងមណ្ឌលថែទាំមនុស្សចាស់នៅវេលាម៉ោង ១០៖១០ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ ហើយបានចាប់ផ្តើមបាញ់ប្រហារ។ មនុស្សប្រាំនាក់បានស្លាប់នៅនឹងកន្លែង ហើយអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
ជនបង្កហេតុ បានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារនោះ ប៉ុន្តែមិនយូរប៉ុន្មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង Daruvar។ មន្ត្រីប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយទេ៕