(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីបានចោទប្រកាន់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថាបានក្បត់ទីក្រុងរ៉ូម ដោយមិនតែងតាំងជនជាតិអ៊ីតាលីជាបេសកជនថ្មីរបស់អង្គការណាតូ ដែលមានភារកិច្ចសម្របសម្រួលសកម្មភាពរបស់អង្គការណាតូនៅលើផ្នែកខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។
តំណែងនេះត្រូវបានបង្កើតឡើងនៅដើមខែនេះ តាមសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ហើយរដ្ឋាភិបាលរបស់លោកស្រី បាននិយាយនៅពេលនោះថា ខ្លួនជឿថាការងារនេះគួរតែត្រូវបានផ្តល់ទៅឱ្យជនជាតិអ៊ីតាលី។
ទោះបីជាអង្គការណាតូមិនទាន់បានប្រកាសជាផ្លូវការ អំពីការតែងតាំងបេសកជនថ្មីសម្រាប់តំបន់ភាគខាងត្បូងនេះក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានបង្ហើបឱ្យដឹងថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានជ្រើសរើសជនជាតិអេស្ប៉ាញម្នាក់សម្រាប់តំណែងនេះ។ លោក Crosetto បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថាវាជា «ជាការប្រមាថមកលើខ្លួន»។
នៅពេលសួរអំពីការរិះគន់របស់ លោក Crosetto ការិយាល័យសារព័ត៌មានរបស់អង្គការ NATO បានបញ្ជាក់ថា «NATO នឹងប្រកាសពីការតែងតាំងណាមួយក្នុងពេលកំណត់» ដោយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតលើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីរូបនេះ។
លោក Crosetto បានផ្ញើ «លិខិតបង្ហាញការខឹងសម្បារ» ទៅកាន់លោក Stoltenberg និងបានព្រមានពី «ផលវិបាកក្នុងកម្រិតផ្ទាល់ខ្លួន»។ លោកបានចោទប្រកាន់លោក Stoltenberg ពីបទក្បត់គោលការណ៍ និងដាក់ទណ្ឌកម្មអ៊ីតាលី ដោយមិនបានជ្រើសរើសជនជាតិអ៊ីតាលីសម្រាប់តំណែងបេសកជនថ្មី ដែលជាតួនាទីដែលអ៊ីតាលីបានខិតខំបង្កើត៕