(វ៉ាស៉ីនតោន)៖ គណបក្សប្រជាធិបតេយ្យ បានបង្ហាញបេក្ខជនមានសមត្ថភាពរបស់ខ្លួន ដើម្បីអាចទប់ទល់នឹង ឥទ្ធិពលវាយលុកនយោបាយរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីលោក ចូ បៃដិន បានប្រកាសការដកខ្លួនចេញពី ការប្រកួតប្រជែង។
តើនរណាអាចសក្តិសមជាបេក្ខជនតទល់ជាមួយនឹងលោក ដូណាល់ត្រាំបានក្នុងពេលបោះឆ្នោត ខែវិច្ឆិកាខាងមុខនេះ?
នៅទីបញ្ចប់ ប្រធានាធិបតីលោក Joe Biden បានចាកចេញពីឆាកនយោបាយក្រោយការរង ភាពឯកោ។ ការសម្រេចចាកចេញនេះ បានធ្វើឡើងនាប៉ុន្មានសប្តាហ៍នៃការតស៊ូដើម្បី ជីវិតនយោបាយរបស់លោក ក្រោយភាពប្រកែករឹងរួស មុននេះថា លោកនឹងមិនទៅណាទាំងអស់ក្រោយ រងសម្ពាធបង្ខំឱ្យចាកចេញបន្ទាប់ពីកិច្ចពិភាក្សាថ្ងៃទី២៧ មិថុនា នៃជុំដំបូងរវាង បេក្ខជនប្រធានាធិបតីនោះមក។
សម្ពាធដែលបង្ខំឱ្យលោកត្រូវដកខ្លួនចេញពី ការឈប់ប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ នោះ ក្រោយមកកាន់តែកើនឡើង ក្រោយព្រឹត្តិការណ៍ថ្ងៃទី១៣កក្កដាដែលមានអំពើប៉ុនប៉ង ធ្វើឃាតមិនបានសម្រេចលើរូបលោក ដូណាល់ ត្រាំ ដែលគេបន្ទោសថាដោយសារតែវោហាសាស្ត្ររបស់លោក និងគណបក្សប្រជាធិបតេយ្យ ក្នុងពេលឃោសនាបោះឆ្នោតនិងចុង ក្រោយ មកទៀត គឺភាពរងនឹងជម្ងឺឆ្លងកូវីដ-១៩ ក្នុងវ័យចាស់អាយុ៨១ឆ្នាំរបស់លោក។
ជាមួយនឹង សម្ពាធទាំងនោះ, សម្ពាធដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺការអំពាវនាវពីសេហសេវិក ដូចជាអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា, លោកស្រីអតីតប្រធានសភា ណានស៊ី ប៉េឡូស៊ី និងឥស្សរជននយោបាយ នៃគន្លឹះដឹកនាំរបស់គណបក្សប្រជាធិបតេយ្យជាច្រើនទៀត ដែលមើលឃើញថា ការស្តារប្រជាប្រីយ៍ភាពរបស់ គណបក្សប្រជាធិបតេយ្យសាឡើងវិញ បាននោះ គឺមានតែឱ្យលោក ចូ បៃដិន បោះបង់ចោលការប្រកួតប្រជែង និងទម្លាក់អំរែកនេះឱ្យទៅសហសេវិកជំនាន់ក្រោយដែលមានសមត្ថភាព ផ្តួលលោកដូណាល់ត្រាំបាន។
ជាមួយនឹងមហាសម្ពាធទាំងនោះ, លិខិតមួយរបស់លោក ចូ បៃដិន ត្រូវបានគេឃើញបាន បង្ហោះតាមបណ្តាញសង្គម ចេញមកពីគេហស្ថាន Reloboth Beach ក្នុងរដ្ឋ Delaware ដែលជាកន្លែងបានធ្វើចត្តាឡីស័ក និងទើបបានជាសះស្បើយ ក្រោយការឆ្លងកូវីដ-១៩នាវេលាចុង ក្រោយនេះ។
លិខិតនោះ បានបង្ហាញពីការការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ នៅក្នុងនយោបាយអាមេរិកដែលមិនធ្លាប់មាន ទាល់តែសោះ នូវប្រធានាធិបតីណាម្នាក់ ដែលធ្លាប់បានចាកចេញពី ការប្រណាំងប្រជែងបោះឆ្នោត សាឡើងវិញ នៅជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី ទៅហើយនោះ។ វាជារយៈពេល២៤ថ្ងៃដ៏សែនលំបាកបំផុត របស់លោកប្រធានាធិបតីចូបៃដិន ដែលរងព្យុះភ្លៀងវិបត្តិនយោបាយផ្ទៃក្នុងគណបក្សរបស់ខ្លួនឯង ក្រោយកិច្ចពិភាក្សាដេញ ដោលរយៈពេល៩០នាទី ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤ រៀបចំដោយកម្មវិធីស៊ីអិនអិន នៅក្នុងក្រុងអត្លង់តានៃរដ្ឋ Georgia ។ ព្រៃទាំងមូលដាំដោយលោកចូ បៃដិន បែរជាត្រូវបានគេមើលរំលង ចោលទាំងអស់ដោយសារតែ ការដាំខូចដើមឈើមួយ ដើមនៅថ្ងៃសំខាន់មួយនោះ។
លិខិតថ្ងៃទី២១កក្កដារបស់លោកចូបៃដិន បានសរសេរប្រកាសបញ្ជាក់ជាចុងក្រោយថាលោក នឹងសម្រេចចាកចេញពី ការប្រកួតប្រជែងឆ្នាំ២០២៤។ លិខិតរបស់លោកប្រធានាធិបតី បានសរសេរថា៖ «បងប្អូនជនជាតិអាមេរិកាំង ទាំងឡាយ ក្នុងរយៈពេល ៣ឆ្នាំកន្លះកន្លងមកនេះ យើងមានការរីក ចម្រើនយ៉ាងខ្លាំងក្នុងនាមជាប្រជាជាតិមួយ។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិក មានសេដ្ឋកិច្ចដ៏ខ្លាំង ជាងគេបំផុតនៅក្នុងពិភពលោក។ យើងបានធ្វើការបណ្តាក់ទុនជាប្រវត្តិសាស្ត្រក្នុងការកសាង ប្រទេសជាតិរបស់យើងឡើងវិញ ក្នុងការបញ្ចុះតម្លៃថ្លៃថ្នាំ តាមវេជ្ជបញ្ជា សម្រាប់មនុស្សវ័យ ចំណាស់ និងក្នុងការពង្រីក ការថែទាំសុខភាព ដែលមានតម្លៃសមរម្យតាមចំនួនកំណត់ត្រានៃ ជនជាតិអាមេរិករបស់យើង។ យើងបានផ្តល់ នូវការថែទាំដ៏ចាំបាច់ និងខ្លាំងក្លាចំពោះអតីតយុទ្ធ ជនមួយលាននាក់ដែលប្រឈមនឹងសារធាតុពុល។ យើងក៏បានអនុម័ត ច្បាប់សុវត្ថិភាពកាំភ្លើង ជាលើកដំបូងដែលទើបមាន ក្នុងរយៈពេល៣០ឆ្នាំនេះមកដែរ»។
«យើងបានតែងតាំងស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ជាលើកដំបូងគេបំផុតសម្រាប់ កិច្ចការតុលាការកំពូល និងបានអនុម័តច្បាប់ ស្តីពីអាកាសធាតុដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ពិភពលោកថែមទៀត។ សហរដ្ឋអាមេរិក មិនដែលមានស្ថានភាពល្អ ដូចជាមានក្នុងការដឹកនាំរបស់យើងសព្វថ្ងៃនេះឡើយ»។
លិខិតលោកចូបៃដិន បានសរសេរបន្តថា «ខ្ញុំដឹងថា កិច្ចការនេះមិនអាចធ្វើបានដោយគ្មានអ្នក ដែលជាពលរដ្ឋអាមេរិកនោះទេ។ យើងបានរួមគ្នាយកឈ្នះលើ ជំងឺរាតត្បាតមួយនៅក្នុងសតវត្ស និងបានឈ្នះលើវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពី វិបត្តិសេដ្ឋកិច្ចធំ The Great Depression នោះមក។ យើងបានការពារនិងថែរក្សា លទ្ធិប្រជាធិបតេយ្យរបស់យើង។ ហើយ យើងបានធ្វើឱ្យរស់ឡើងវិញ និងពង្រឹងសម្ព័ន្ធភាពរបស់យើងនៅជុំវិញពិភពលោក»។ លោក ចូ បៃដិន បានថ្លែងបន្តថា «វាជាកិត្តិយសដ៏អស្ចារ្យបំផុត ក្នុងជីវិតរបស់ខ្ញុំដែលបានបម្រើ ក្នុងនាមជាប្រធានាធិបតីរបស់អ្នកទាំងឡាយ»។
លិខិតរបស់លោក ចូ បៃដិន បានឈានមកដល់នៅក្នុងចំណុចសំខាន់បំផុតបញ្ជាក់ថា « ខណៈ វាជាបំណងរបស់ខ្ញុំក្នុងការស្វែងរក ការបោះឆ្នោតសាឡើងវិញ ប៉ុន្តែខ្ញុំជឿថាវាជា ផលប្រយោជន៍ល្អបំផុតរបស់គណបក្ស និងប្រទេសរបស់ខ្ញុំ សម្រាប់ខ្ញុំក្នុងការដកខ្លួន ចេញពីការប្រ កួតប្រជែងនិងផ្តោតទៅលើ ការបំពេញភារកិច្ចរបស់ខ្ញុំ ជាប្រធានាធិបតី សម្រាប់អាណត្តិដែល នៅសេសសល់ របស់ខ្ញុំ។ ខ្ញុំនឹងនិយាយទៅកាន់ប្រជាជាតិអាមេរិក នៅសប្តាហ៍នេះទៀតនូវអ្វី ដែលពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ខ្ញុំនេះ»។
លិខិតរបស់លោកចូបៃដិនបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះមនុស្សទាំងឡាយដែលបាន ធ្វើកិច្ចការនិងពុះពារឧបសគ្គនានា ជាមួយនឹងរូបលោកក្នុងពេលកន្លងមកនេះ និងថ្លែងនៅលើ បណ្តាញសង្គម X របស់លោកបន្តមកទៀតនៅថ្ងៃអាទិត្យ ទី២១កក្កដានោះ លោកបានស្នើតែង តាំងឱ្យលោកស្រីអនុប្រធានាធិបតី Kamala Harris បន្តឈ្មោះជា បេក្ខជនប្រធានាធិបតីជំនួស រូបលោក។
*** តើមាននរណាខ្លះអាចជំនួសលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតីក្នុងអម្លុងបោះឆ្នោត ខែវិច្ឆិកាខាងមុខនេះ?
***១/ លោកស្រី Kamala Harris
លោកស្រី Kamala Harris នាពេលនេះគឺជាជម្រើសជាក់ស្តែងមួយ ដែលបានស្នើដោយលោកប្រធានាធិបតី ចូ បៃដិន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥស្សរជនកំពូលខ្លះនៃគណបក្សប្រជា ធិបតេយ្យរួមមានទាំងលោក Barack Obama និងលោកស្រី Nancy Pelosi ផង នៅមិនទាន់ បានផ្តល់ការស្នើឬការយល់ព្រមរបស់ខ្លួនដល់លោកស្រី Kamala Harris ឡើយ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Kamala Harris ត្រូវគេមើលឃើញថាជាមនុស្ស ដែលយល់អំពី ភាពរាក់ជ្រៅទាំងឡាយ នៃនយោបាយគ្រប់គ្រងប្រទេសទាំងអស់ ចាប់តាំងពី លោកស្រីបានក្លាយជាអនុប្រធានាធិបតី តាំងពីខែមករាឆ្នាំ២០២១មក។
លោកស្រី Harris អាយុ៥៩ ឆ្នាំ គឺជាកូនស្រីរបស់ឪពុកជនជាតិចេម៉ៃកានៃទ្វីបអាមេរិកខាងជើង និងម្ដាយរបស់នាង ដែលជាជនជាតិឥណ្ឌា គឺជា Trailblazer ដែលជាអ្នកច្នៃប្រឌិតឬអ្នកត្រួស ត្រាយការបង្កើតកិច្ចការអ្វីមួយ។
លោកស្រីគឺជាមនុស្សស្បែកខ្មៅដំបូងគេ និងជាស្ត្រីលើកទីមួយ ដែលបម្រើការជាអគ្គរដ្ឋអាជ្ញា Attorney General របស់រដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកគឺជាសមាជិកព្រឹទ្ធសភាអាមេរិក ដំបូងគេដែលមានដើមកំណើតអាស៊ីខាងត្បូង។ លោកស្រីកាម៉ាឡាហារីស ពេលនេះ ក៏ជាស្ត្រីស្បែកខ្មៅនិងអនុប្រធានាធិបតីអាមេរិកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ។
ក្នុងអំឡុងពេលដែលលោកស្រី បំពេញកិច្ចការរបស់ខ្លួនជាអគ្គរដ្ឋអាជ្ញានោះ លោកស្រីមានកេរ្តិ៍ ឈ្មោះថាជាស្ត្រីដ៏តឹងរ៉ឹង ក្នុងការអនុវត្តច្បាប់លើកិច្ចការឧក្រិដ្ឋនិងអន្តោប្រវេសន៍ ប៉ុន្តែភាពតឹង រ៉ឹងរបស់លោកស្រីពេកនោះ ក៏រងការរិះគន់ខ្លះថា បានប៉ះពាល់ដល់ជនល្មើសជាអនីតិជន។
លោកស្រី Harris ក៏មិនមែនជាមនុស្ស ដែលស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងចំណោម គណបក្សប្រជាធិបតេយ្យនោះដែរ ដែលកត្តានោះហើយនឹងរំពឹងថា គណបក្សប្រជាធិបតេយ្យ នឹងអាចរកមនុស្សផ្គូរផ្គងជំរើសផ្សេងទៀត នៃបេក្ខជនប្រធានាធិបតី។
***២/ លោក Gavin Newsom
បើទោះបីជាលោកស្រីកាម៉ាឡាហារីស ត្រូវបានលោកចូបៃដិនបានស្នើជាបេក្ខជនជំនួសរូប លោកក៏ដោយ ក៏មិនមានច្បាប់ណា ដែលថាគេត្រូវតែតែងតាំងលោកស្រីកាម៉ាឡាហារីសឱ្យ ឈរឈ្មោះជាផ្លូវការនិងដោយស្វ័យប្រវត្តិជា បេក្ខជនប្រធានាធិបតីអាមេរិក នោះបានឡើយ។ មនុស្សដែលត្រូវបានគេមើលឃើញថា បេក្ខជនម្នាក់ទៀតនោះ គឺអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom។
ឥស្សរជនគណបក្សប្រជាធិបតេយ្យអាយុ៥៦ឆ្នាំរួបនេះ ឆ្នាំដែលជាអតីតអភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងបានកាន់ជាតំណែង អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ដែលមានប្រជាពលរដ្ឋច្រើន ជាងគេបំផុតក្នុងសហរដ្ឋអាមេរិកនេះ រយៈពេល៥ឆ្នាំមកហើយ។
លោក Gavin Newsom តែងប្រកាន់គាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះលោក Biden ហើយ លោកតែងច្រានចោល នូវការនិយាយទាំងឡាយណា ដែលចង់ឱ្យរូបលោកជំនួសលោក ចូ បៃដិន នៅក្នុងរង្វង់ស្ថានការណ៍ដែលលោក ចូបៃដិនបានរងនឹងសម្ពាធឱ្យដកខ្លួនចេញពីការឈរឈ្មោះប្រកួតប្រជែងប្រធានាធិបតី។ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថា លោកក៏មានមហិច្ឆតាខ្លះ ដើម្បីក្លាយខ្លួនជាប្រធានាធិបតីអាមេរិកផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ កន្លងមកនេះ លោកត្រូវបានគេឃើញ បានបង្កើនការធ្វើដំណើរជាអន្តរជាតិរបស់លោក, ផ្សព្វផ្សាយអំពី អ្វីដែលលោកបានធ្វើ និងបានចំណាយលុយរាប់សិប លាននៅក្នុងគណៈកម្មាធិការធ្វើសកម្មភាពនយោបាយ PAC ដែលនាំឱ្យមានការរំពឹងទុកថា លោកនឹងអាចឈរឈ្មោះនៅក្នុងឆ្នាំ២០២៨ ប៉ុន្តែហេតុអ្វីត្រូវរង់ចាំដល់ឆ្នាំ២០២៨ គ្រាដែល គណបក្សប្រជាធិបតេយ្យកំពុងស្វែងរក បេក្ខជនមានសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយនឹង លោក ដូណាល់ ត្រាំ ក្នុងពេលនេះ? ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យទី២១កក្កដា លោក Gavin Newsom បែរជាជំរុញឱ្យលោកស្រី កាម៉ាឡាហារីស ធ្វើការនាំមុខនៃបេក្ខជនឈរឈ្មោះនោះទៅវិញ។
លោក Gavin Newsom បានសរសេរនៅលើបណ្តាញសង្គម X ថា "ជាមួយនឹងលទ្ធិប្រជាធិបតេយ្យរបស់យើង កំពុងប្រឈមនឹង គ្រោះថ្នាក់ក្នុងពេលនេះ គឺគ្មានអ្នកណាម្នាក់អាចប្រសើរ ជាងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីសក្នុងការនាំប្រទេសឈានរកគោលដៅកាន់តែ ល្អប្រសើរនិងមានសមត្ថភាពធ្វើចំណាត់ការប្រឆាំង លោក ដូណាល់ ត្រាំ ដែលមានទស្សនៈខ្មៅងងឹតបាននោះឡើយ»។
***៣/ លោកស្រី Gretchen Whitmer
បេក្ខជនម្នាក់ទៀតដែលអាចមានលទ្ធភាពឈរតតាំងជាមួយនឹង លោក ដូណាល់ ត្រាំ បានទៀត នោះគឺ លោកស្រី Gretchen Whitmer អាយុ៥២ឆ្នាំនៃអភិបាលរដ្ឋ Michigan។ ប៉ុន្តែបើ ទោះបី ជាលោកស្រី Gretchen Whitmer ត្រូវគេមើលឃើញជា អ្នកប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ក៏ ដោយ អភិបាលរដ្ឋMichigan រូបនេះ ត្រូវបានគេរាយការណ៍ថា លោកស្រីមិនទំនង នឹងប្រកួត ប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនោះឡើយ។
រដ្ឋ Michigan របស់លោកស្រីគ្រប់គ្រងបច្ចុប្បន្ន គឹជារដ្ឋដែលមានប្រជាជនខ្លាំងក្លាក្នុងសហគមន៍ទាំងក្នុងវណ្ណៈកម្មករ និងសហគមន៍ជនជាតិអាមេរិកស្បែកខ្មៅ និងបណ្តាពួកអារ៉ាប់ ដែលជាក្រុមគន្ហឹះនៃអ្នកបោះឆ្នោតសំខាន់ៗ ដែលនយោបាយរបស់លោក ចូ បៃដិន កំពុងតែដើរប្រមែប្រមូល នៃក្រុមមនុស្សទាំងនោះ ដើម្បីជួយបោះឆ្នោតគាំទ្រ គណបក្សប្រជាធិបតេយ្យរបស់លោក។
បើយោងតាមមនុស្សគាំទ្រជាច្រើនក្នុងរដ្ឋ Michigan ដែលចង់ឱ្យរូបលោកស្រីឈរឈ្មោះជា បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ បាននិយាយថារដ្ឋ Michigan នឹងក្លាយជារដ្ឋតតាំងដ៏សំខាន់មួយនៅក្នុងការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។
***៤/ លោក Josh Shapiro
បេក្ខជនម្នាក់ទៀតដែលអាចមានលទ្ធភាពប្រឈមនឹងលោក ដូណាល់ ត្រាំ បានត្រូវគេនិយាយ ថាគឺអភិបាលរដ្ឋ Pennsylvania លោក Josh Shapiro។ អភិបាលរដ្ឋមានវ័យ៥១ឆ្នាំ ដែលត្រូវបានគេបោះឆ្នោតក្លាយជា អភិបាលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើដៃគូ និងទើបបានឡើងកាន់តំណែង កាលពីដើមឆ្នាំ២០២៣ មានប្រវត្តិជាអតីតអគ្គរដ្ឋអាជ្ញាចំនួន២ដងជាប់ៗគ្នា មកហើយនៅក្នុងរដ្ឋ Pennsylvania នោះ។
លោកបានថ្កោលទោសអាចារ្យកាតូលិក ដែលបានបំពានផ្លូវភេទលើកុមាររាប់ពាន់នាក់ និង លោកបានកាត់ទោសក្រុមហ៊ុន Purdue Pharma ដែលជាក្រុមហ៊ុនផលិតថ្នាំបំបាត់ការឈឺ ចាប់ OxyContin ដ៏មានឥទ្ធិពល។ លោក Shapiro គឺជាអ្នកធ្វើសុន្ទរកថាដ៏មានឥទ្ធិពលមួយ និងជាអ្នកប្រកាន់ភាពកណ្តាល និយមម្នាក់ដែលមានសមត្ថភាព ដែលគុណសម្បត្តិ ទាំងនេះត្រូវគេជឿថា អាចជំរុញឱ្យរូបលោកឡើង កាន់តំណែងថ្នាក់កំពូលរបស់ជាតិបាន។
មនុស្សដែលមានសមត្ថភាពឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតី មានមួយចំនួនថែមទៀត ដូចជាអភិបាលរដ្ឋ Illinois លោក JB Pritzker, អភិបាលរដ្ឋ Maryland លោក Wes Moore និងអភិបាលរដ្ឋ Kentucky លោក Andy Beshear ជាដើម។
ក្រៅពីនោះ នៅមានសមាជិកព្រឹទ្ធសភាលោកស្រី Amy Klobuchar និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Pete Buttigieg ដែលទាំងពីរនាក់នោះសុទ្ធតែធ្លាប់ បានឈរឈ្មោះជាបេក្ខជន ក្នុងការប្រកួតប្រជែង ការបោះឆ្នោតបឋម Primary ឆ្នាំ២០២០ប្រកួតប្រជែងជាមួយនឹងលោកចូបៃដិន និងក៏មានឈ្មោះក្នុងបញ្ជីដែលមានលទ្ធភាព ក្នុងការឈរឈ្មោះជា បេក្ខជនប្រធានាធិបតីនាពេលនេះ ផងដែរ។
ពីគណបក្សសាធារណរដ្ឋនោះវិញ, គ្រាដែលការផ្គូរផ្គងរកបេក្ខជនមានសមត្ថភាពរបស់គណ បក្សប្រជាធិបតេយ្យ នៅចំពោះមុខជាក់ស្តែង គឺលោកស្រីអនុប្រធានាធិបតីនោះ, លោកដូ ណាល់ត្រាំកាលពីថ្ងៃអាទិត្យ ទី២១ កក្កដាស្រាប់តែ បានថ្លែងចំអកថា លោកអាចផ្ចាញ់លោកស្រី កាម៉ាឡាហារីស ស្រូលជាងអ្វីដែលលោកអាចផ្តួលលោក ចូ បៃដិន នោះទៀត។
នៅជាគ្នានេះផងទៀត, ខណៈលោកចូបៃដិន បានប្រកាសការដកខ្លួនចេញពីការឈរឈ្មោះជា បេក្ខជនប្រធានាធិបតីអាមេរិករួច មកហើយនោះ ស្រាប់តែមានក្រុមសាធារណរដ្ឋជាច្រើននាក់ បានអំពាវនាវភ្លាមៗឲ្យលោក ចូ បៃឌិន លាលែងពីតំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក និងចង់បង្ខំឱ្យរូបលោកចាកចេញពីសេតវិមានថែមទៀត។
ប្រធានសភាតំណាងរាស្ត្រលោក Mike Johnson ដែលជាសមាជិកដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងគណបក្សសាធារណរដ្ឋនោះ បាននិយាយថា ប្រសិនបើលោក ចូ បៃឌិន ពុំមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមប្រជែងតំណែងប្រធានាធិបតី បន្តទៀតទៅហើយនោះ ដូច្នេះលោកក៏ពុំមានសម្បទាគ្រប់គ្រាន់ ដើម្បីធ្វើជាប្រធានាធិបតីបន្តទៀតនោះដែរ។
មន្ត្រីសេតវិមាន បានប្រញាប់ប្រតិកម្មមកវិញភ្លាមថា លោកចូបៃដិននឹងមិនលាលែងចេញ ពីតំណែងទេ ហើយលោកនឹងបន្តធ្វើ កិច្ចការសេសសល់របស់លោក ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៦នេះ៕