(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃចន្ទនេះ បានចេញដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីថ្លែងសុន្ទរកថាដ៏សំខាន់មួយ ទៅកាន់សមាជិកសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ខណៈទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ បានទទួលរងភាពល្អក់កករ ដោយសារតែបញ្ហាសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។
លោក Netanyahu បានហៅទស្សនកិច្ចនេះថា ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយ ដែលកើតមានឡើងចំពេល សហរដ្ឋអាមេរិកស្ថិតក្នុងភាពស្រពេចស្រពិលផ្នែកយោបាយ ដោយលោកចង់សំដៅលើ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការមិនបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ ហើយស្របពេលទីក្រុងវ៉ាស៉ីនតោន ព្យាយាមជំរុញឱ្យអ៉ីស្រាអែល ស្វែងរកបទឈប់បាញ់គ្នា ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។
លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយថា ក្នុងការថ្លែងសាររបស់លោកទៅកាន់សភាជាតិអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ រូបលោកនឹងព្យាយាមបង្ហាញថា ការគាំទ្រពីគណបក្សធំទាំង២របស់អាមេរិក មានសារសំខាន់ជាខ្លាំងសម្រាប់អ៉ីស្រាអែល។ លោក Netanyahu បានលើកឡើងដូច្នេះថា «ខ្ញុំនឹងប្រាប់មិត្តទាំងអស់គ្នា មិនថានៅបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនោះឡើយ គឺទោះបេក្ខជនរបស់បក្សមួយណាក៏ដោយ ដែលប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីបន្ទាប់ អ៉ីស្រាអែលនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំនិងមិនអាចខ្វះខាតរបស់អាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា»។
អំឡុងទស្សនកិច្ចខាងលើ លោក Netanyahu ក៏នឹងជួបលោក បៃដិន ផងដែរ ក្នុងបំណងពិភាក្សាអំពីមធ្យោបាយ ដើម្បីសម្រេចគោលដៅរបស់អ៉ីស្រាអែល ក្នុងសង្រ្គាមហ្កាហ្សា។ លោក បៃដិន នឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រហូតទាល់តែដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Netanyahu បានសង្កត់ធ្ងន់ថា «អំឡុងពេលនៃសង្រ្គាម និងភាពមិនច្បាស់លាស់ វាជារឿងសំខាន់ណាស់ ដែលសត្រូវអ៉ីស្រាអែល ត្រូវដឹងឱ្យច្បាស់ថា អាមេរិកនិងអ៉ីស្រាអែល ឈរជាមួយគ្នាជានិច្ច»។
គួរបញ្ជាក់ថា លោក បៃដិន ធ្លាប់បានបង្ហាញក្តីបារម្ភ អំពីការកើនឡើងខ្លាំងនៃចំនួនជនស៉ីវិលស្លូតត្រង់ ដែលបានស្លាប់ក្នុងសង្រ្គាមនៅ Gaza Strip។ ទោះជាបែបនេះក្តី ប៉ុន្មានសប្តាហ៍មកនេះ យោធាអ៉ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួននៅហ្កាហ្សា ហើយលោក Netanyahu បានអះអាងថា ការបង្កើនសម្ពាធយោធា គឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចរំដោះចំណាប់ខ្មាំង និងយកឈ្នះលើក្រុមហាម៉ាសបាន៕