(ប៉េកាំង)៖ "ចំណុចសំខាន់មួយនៃកិច្ចប្រជុំលើកនេះ គឺពង្រីកការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន និងជំរុញការអភិវឌ្ឍជាសាកល" ទាក់ទិននឹងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាសែត《Helsinki Times》របស់ប្រទេសហ្វាំងឡង់ បានផ្តោតការយកចិត្តទុកដាក់ដល់ចំណុចនេះ។
ថ្ងៃទី២១ ខែកក្កដា 《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើកំណែទម្រង់ឱ្យមាន ភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ថែមមួយកម្រិតទៀត》ដែលត្រូវពិនិត្យពិភាក្សា និងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះ បានចេញផ្សាយទាំងស្រុង ក្នុងនោះ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះ ការបើកចំហចំពោះបរទេស ដោយលើកឡើងថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់ នូវគោលនយោបាយជាតិ ជាមូលដ្ឋានស្តីពីការបើកចំហចំពោះបរទេស ប្រកាន់ខ្ជាប់នូវការជំរុញកំណែទម្រង់ តាមរយៈការបើកចំហរ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហ ដែលប្រកបដោយកម្រិតកាន់តែខ្ពស់។
ការបើកចំហគឺជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ក្នុងរយៈពេលជាង១០ឆ្នាំ កន្លងទៅនេះ ការបើកចំហរបស់ប្រទេសចិនទទួលបាន នូវសមិទ្ធផល កាន់តែច្រើនឡើង។ ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ជាប្រទេសធំទីមួយ ខាងពាណិជ្ជកម្មទំនិញសកល ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា ការវិនិយោគចំពោះបរទេស បានឈរនៅលំដាប់៣លេខ ខាងមុខ លើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ហើយលំហូរមូលធនបានគ្របដណ្តប់ ប្រទេសនិងតំបន់ចំនួន១៥៥ ការរួមបញ្ចូលគ្នារវាងចិននិងពិភពលោក មានកម្រិតយ៉ាងស៊ីជម្រៅ ដែលមិនធ្លាប់មានកាលពីមុន។
ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំកំពុងពន្លឿនទៅមុខ ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច កំពុងជួបប្រទះចរន្តបញ្ច្រាស ការបើកចំហរឹតតែក្លាយជា "ទំនិញកម្រ" ថែមទៀត។ ប្រឈមមុខនឹងបញ្ហាពិបាក នៃការអភិវឌ្ឍរួមគ្នារបស់មនុស្សជាតិ និងបដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ ឧស្សាហកម្មជុំថ្មី ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវការជំរុញការបើកចំហ ដោយកម្រិតខ្ពស់ចំពោះបរទេស មិនត្រឹមតែបានមកពីការអនុវត្ត ដោយជោគជ័យនៃការជំរុញ កំណែទម្រង់និងអភិវឌ្ឍន៍ តាមរយៈការបើកចំហប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ចាំបាច់ នៃការចាប់ជាប់ក្បួនច្បាប់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្របទៅតាមចរន្តយុគសម័យទៀតផង ហើយវាកាន់តែបង្ហាញពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវក្នុងការចែករំលែកឱកាសជាមួយពិភពលោក។
អ្វីដែលប្រទេសចិនបានចែករំលែកជាមួយពិភពលោក ជាបឋមគឺជាទីផ្សារទ្រង់ទ្រាយធំ។ កិច្ចប្រជុំពេញអង្គបានលើកឡើងថា ត្រូវពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់សមត្ថភាពបើកចំហ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែងបើកចំហឱ្យកាន់តែទូលំទូលាយ និងធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយទៅជា ទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក។នេះបានធ្វើឱ្យសហគ្រាសពហុជាតិជាច្រើនពោរពេញទៅដោយការរំពឹងទុក។
អ្វីសំខាន់ជាងនេះទៅទៀត គឺក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិន កំពុងតភ្ជាប់ជាមួយអន្តរជាតិជាបណ្តើរៗ ដើម្បីសម្របទៅនឹងលក្ខខណ្ឌ នៃការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី បែបបើកចំហ ដែលប្រកបដោយកម្រិតកាន់តែខ្ពស់។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះមានន័យថា ថ្លៃដើមនៃអាជីវកម្មលក្ខណៈជាប្រព័ន្ធ នឹងត្រូវបានកាត់បន្ថយបន្ថែមទៀត ពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិ នឹងមានភាពកាន់តែសេរីនិងងាយស្រួល ប្រទេសចិននឹងរួមបញ្ចូល ក្នុងសេដ្ឋកិច្ចអន្តរជាតិដោយកាន់តែសកម្ម ដែលធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិន ក្លាយជាឱកាសដ៏ធំមួយរបស់ពិភពលោក។
ការពង្រីកការបើកចំហចំពោះបរទេស មិនត្រឹមតែ“អញ្ជើញឱ្យគេចូលមក”តែប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ“ដើរចេញទៅក្រៅ” ផងដែរ។ សព្វថ្ងៃនេះ "ផលិតផលថ្មីទាំងបី" របស់ប្រទេសចិន ដែលមានរថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងទទួលបានការពេញនិយម នៅក្នុងទីផ្សារបរទេស ដែលបង្កើនការផ្គត់ផ្គង់ដ៏មានគុណភាពខ្ពស់ ដល់ពិភពលោក ហើយក៏ជំរុញការធ្វើបរិវត្តកម្ម និងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
រីឯគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ដែលបំផុសឡើងដោយប្រទេសចិន បានបំពេញបន្ថែម នូវកម្លាំងចលករថ្មីទៅក្នុង ការអភិវឌ្ឍពិភពលោក និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ ប្រជាជនរបស់គ្រប់បណ្តាប្រទេសទាំងអស់។យើងអាចព្យាករណ៍ថា ប្រទេសចិននឹងជំរុញយ៉ាងមុតមាំ នូវការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈការបើកចំហប្រកបដោយកម្រិតខ្ពស់ ចំពោះបរទេស និងបញ្ចេញភាគលាភបើកចំហកាន់តែច្រើនឡើងៗ ទៅកាន់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន