(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើ នាពេលថ្មីៗកន្លងទៅនេះ បានគ្រោងផែនការគោលអំពី ការធ្វើកំណែទម្រង់ឱ្យមាន ភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀតរបស់ចិន។ កិច្ចប្រជុំពេញអង្គលើកនេះបានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធ និងយន្តការនៃការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មីដោយសមរម្យ។ ឥស្សរជនវិភាគបានយល់ឃើញថា នេះបានបង្ហាញថា ចិនមានការប្តេជ្ញាចិត្តបង្កើត បរិយាកាសខាងប្រព័ន្ធរបបកាន់តែល្អ ប្រសើរសម្រាប់ពូនជ្រំ អភិវឌ្ឍនិងពង្រឹង កម្លាំងផលិតកម្មគុណភាពថ្មី តាមរយៈការធ្វើកំណែទម្រង់ពាក់ព័ន្ធឱ្យ មានភាពកាន់តែស៊ីជម្រៅ ដើម្បីផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់និងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន។

បើមើលពីកត្តាខាងក្រៅ បដិវត្តន៍ឧស្សាហកម្មនិងបដិវត្តន៍ព័ត៌មានវិទ្យាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ សុទ្ធតែបានបង្កើតឡើង ដោយកំណែទម្រង់ជាប្រវត្តិសាស្រ្ត នៃកម្លាំងផលិតកម្ម។ បច្ចុប្បន្ននេះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានទទួលការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ ការដែលសេដ្ឋកិច្ចពិភពលោកសម្រេចបាន នូវកំណើនថ្មីគឺចាំបាច់ត្រូវពឹងផ្អែកទៅលើ ការជំរុញពីកម្លាំងផលិតកម្មថ្មី។ បើមើលពីកត្តាផ្ទៃក្នុង សេដ្ឋកិច្ចចិនបានធ្វើនវានុវត្តន៍យ៉ាងស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ គឺលែងផ្តោតសំខាន់ទៅលើល្បឿនកំណើននៃ GDP ទៀតហើយ តែគឺប្រែទៅជាឈានចូលដំណាក់កាល អភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ពោលគឺត្រួសត្រាយកម្លាំងចលករថ្មី តាមរយៈការច្នៃប្រឌិតថ្មី និងពូនជ្រំឧស្សាហកម្មថ្មី។

បើមើលពី «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើកំណែងទម្រង់ ឱ្យមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនិងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ថែមមួយកម្រិតទៀត» ដែលត្រូវពិនិត្យពិភាក្សានិងអនុម័ត ដោយកិច្ចប្រជុំពេញអង្គលើកនេះ មជ្ឈដ្ឋានខាងក្រៅមិនពិបាករកឃើញថា គំនិតអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី របស់ចិនគឺច្បាស់លាស់ណាស់ ពោលគឺ ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីពូនជ្រំនិងនិងពង្រឹងឧស្សាហកម្មងើបឡើងថ្មី បង្កើតរចនាសម្ព័ន្ធក្នុងការកសាង ឧស្សាហកម្មនៅពេលអនាគត កែលម្អនិងលើកកម្ពស់ឧស្សាហកម្មប្រពៃណី និងជំរុញឱ្យឧស្សាហកម្មកម្មន្តសាល ទទួលការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពឆ្លាតវៃនិងបៃតង។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី មិនត្រឹមតែជាបញ្ហានៃគោលនយោបាយ ឧស្សាហកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ តែគឺត្រូវចាត់ទុកការធ្វើឱ្យកំណែទម្រង់ មានភាពស៊ីជម្រៅជាការទ្រទ្រង់ ខំប្រឹងយ៉ាងពេញទំហឹង ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងប្រព័ន្ធធនធានមនុស្សជាដើម ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិដ៏ល្អប្រសើរ តាមរយៈការពង្រីកការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់។

ពីការគ្រោងផែនការអភិវឌ្ឍន៍ដោយសមស្របនឹងលក្ខខណ្ឌមូលដ្ឋានរបស់តំបន់នានា ដល់ការផ្តល់ការគាំទ្រ ផ្នែកគោលនយោបាយមួយចំនួន និងកំណែទម្រង់បន្ទាប់បន្សំ បច្ចុប្បន្ននេះ លើទឹកដីប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មី កំពុងទទួលការអភិវឌ្ឍយ៉ាងផុលផុស នៅឆមាសទីមួយឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិន បានកើនឡើង៨,៧ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានកើនឡើង១០,៦ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន។ល។

តាមរបាយការណ៍ពាក់កណ្តាលឆ្នាំ អំពីសេដ្ឋកិច្ចចិនដែលចេញផ្សាយនៅពេលថ្មីៗ ចុងក្រោយនេះបានបង្ហាញឱ្យដឹងថា ក្រោមការជំរុញនៃកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការធ្វើបរិវត្តកម្ម ទៅរកភាព «ថ្មី» និង «បៃតង» នៃសេដ្ឋកិច្ចចិន គឺកាន់តែលេចធ្លោ។ នេះមិនត្រឹមតែបានផ្តល់កម្លាំងចលករដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកផងដែរ។

ពេលថ្មីៗកន្លងទៅនេះ លោក John Ross អតីតប្រធាននៃការិយាល័យគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រុងឡុងដ៍របស់អង់គ្លេស បានចេញផ្សាយអត្ថបទថា ស្របពេលដែលចិន ពន្លឿនការអភិវឌ្ឍក ម្លាំងផលិតកម្មគុណភាពថ្មី ផលិតផលរបស់ចិននឹងរួមបញ្ចូលគ្នាជាមួយ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ឱ្យកាន់តែល្អប្រសើរ ហើយទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចរវាង ចិននិងប្រទេសនានាក៏នឹ ងកាន់តែរឹងមាំថែមមួយកម្រិតទៀតដែរ ។ នេះមិនត្រឹមតែនឹងលើកកម្ពស់ សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិននិងជំរុញ ការលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ របស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញផងដែរ។

ស្របពេលដែលចិនធ្វើកំណែទម្រង់ឱ្យមាន ភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត កម្លាំងផលិតកម្មគុណភាពថ្មី នឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់និងការកសាងទំនើបកម្មតាមបែបផែនចិន ហើយក៏នឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មី ដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន