(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសថា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នឹងធ្វើដំណើរបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នាថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីវិធីដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលកំពុងបន្តអូសបន្លាយជាង២ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ប្រធានបទចម្បងនៃកិច្ចពិភាក្សា គឺការស្វែងរកមធ្យោបាយ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ី និងតួនាទីរបស់ចិន ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចបាន សន្តិភាពដែលឋិតថេរយូរអង្វែង ហើយមានយុត្តិធម៌»។ ខាងក្រសួងការបរទេសចិន ក៏បានទទួលស្គាល់ គម្រោងទស្សនកិច្ចរបស់លោក Kuleba ផងដែរ និងថាទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ រដ្ឋមន្រ្តីការបរទេសចិន។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរៀបចំកិច្ចប្រជុំសន្តិភាពមួយ នៅឯប្រទេសស្វីស ដើម្បីបង្ហាញពីចក្ខុវិស័យរបស់លោកផ្ទាល់ សម្រាប់សន្តិភាពមួយដែលអាចឋិតថេរយូរអង្វែង។ រុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនោះឡើយ។ រីឯទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរបស់រុស្ស៉ី ក៏មិនបានចូលរួមកិច្ចប្រជុំនោះដែរ ក្រោមហេតុផលថា ទីក្រុងមូស្គូដែលជាភាគីជម្លោះផ្ទាល់ មិនមានវត្តមាន។ យ៉ាងណាមិញ នាពេលថ្មីៗនេះ លោក ហ្សេលេនស្គី បានបង្ហាញពីបំណងចង់ឱ្យ រុស្ស៉ីបញ្ជូនតំណាងចូលរួមកិច្ចប្រជុំសន្តិភាព លើកទី២៕