(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា បាននិយាយថាខ្លួនកំពុងតាមដានស្ថានការណ៍វិវត្តន៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រកាសដកខ្លួនចេញពី ការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់គេហទំព័រព័ត៌មាន Life.ru បានគូសបញ្ជាក់ដូច្នេះថា «ការបោះឆ្នោតនៅសល់ពេលជាង៤ខែទៀតនឹងមកដល់។ អំឡុងពេល នេះនៅមានរឿងជាច្រើនទៀតអាចនឹងប្រែប្រួល។ ដូច្នេះយើងចាំបាច់ត្រូវយកចិត្តទុកដាក់ និងតាមដានថាតើនឹងមានអ្វីកើតឡើងបន្ទាប់ រួមទាំងធ្វើកិច្ចការរបស់យើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក បន្ទាប់ពីរងសម្ពាធ និងការអំពាវនាវពីសមាជិកកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកដកខ្លួន។ ជាមួយការប្រកាសដកខ្លួន លោក ចូ បៃដិន គាំទ្រ លោកស្រី Kamala Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជំនួសរូបលោក៕