(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយនៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះថាហ្វីលីពីនកំពុងសម្លឹងការចុះកិច្ចព្រមព្រៀងយោធាដែល នឹងអនុញ្ញាតឱ្យកងទ័ពធ្វើអន្តរប្រតិបត្តិការទៅវិញទៅមក ជាមួយប្រទេសកាណាដា បារាំង នូវែលសេឡង់ និងបណ្ដាប្រទេសដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Gilberto Teodoro បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ ANC ទៀតថាលោកផ្ទាល់សង្ឃឹមថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានចុះហត្ថលេខានៅឆ្នាំក្រោយ។ តាមលោកប្រមុខ ការពារជាតិហ្វីលីពីន កិច្ចព្រមព្រៀងនេះដែរនឹងអនុញ្ញាតការធ្វើអន្តរប្រតិបត្តិការដ៏វិសេសវិសាល ដោយកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងនោះអាចនឹងធ្វើប្រតិបត្តិការ នៅក្នុងទឹកដីហ្វីលីពីន ហើយកងទ័ពហ្វីលីពីនក៏អាចធ្វើប្រតិបត្តិការនៅក្នុងទឹកដីរបស់ពួកគេ ដូចគ្នាដែរ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងភាពតានតឹងជាមួយចិន ជុំវិញជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូង ហ្វីលីពីនកាន់តែពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដា ប្រទេសលោកខាងលិច។ តួយ៉ាង កាលពីដើមខែកក្កដានេះ ហ្វីលីពីនបានចុះកិច្ចព្រមព្រៀងយោធាមួយ ជាមួយជប៉ុន ដែលអនុញ្ញាតការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ ខ្លួនទៅវិញទៅមក។ កាណាដា បារាំង និងនូវែលសេឡង់ សុទ្ធសឹងតែបានបង្ហាញការគាំទ្រដល់ហ្វីលីពីន ក្នុងជម្លោះទឹកដីជាមួយចិន នៅសមុទ្រចិនខាងត្បូង៕