(ដាក្កា)៖ តុលាការកំពូលបង់ក្លាដែស នៅថ្ងៃអាទិត្យនេះ បានសម្រេចលុបចោលកូតាភាគច្រើនលើការងាររដ្ឋាភិបាល ដែលជាមូលហេតុបង្កឱ្យមានការតវ៉ាទូទាំងប្រទេសដោយនិស្សិត ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១១៤នាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ដោយបដិសេធនូវដីការបស់តុលាការថ្នាក់ក្រោម ក្រុមប្រឹក្សាតុលាការកំពូលបានណែនាំថា ៩៣% នៃការងាររដ្ឋាភិបាលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ គួរតែត្រូវបានបើកឱ្យបេក្ខជនទូទៅ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើសមត្ថភាព និងគុណសម្បត្តិរបស់ពួកគេ។ នេះបើយោងតាម លោក A.M. Amin Uddin អគ្គរដ្ឋអាជ្ញាបង់ក្លាដែស។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលុបចោលប្រព័ន្ធកូតានេះក្នុងឆ្នាំ ២០១៨ ប៉ុន្តែតុលាការថ្នាក់ក្រោមបានស្ដារវាឡើងវិញកាលពីខែមុន ដោយកំណត់កូតាសរុបនៅ ៥៦% សម្រាប់ក្រុមជាក់លាក់ ដូចជាសម្រាប់កូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាពសម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន ដែលជាហេតុបង្កឱ្យមានការតវ៉ា និងការបង្ក្រាបរបស់រដ្ឋាភិបាល។
ប្រព័ន្ធអ៉ីនធឺណិត និងសេវាកម្មផ្ញើរសារតាមទូរស័ទ្ទដៃបានដំណើរការផ្អាកតាំងពីថ្ងៃព្រហស្បតិ៍មក ខណៈប៉ូលិសបានបង្ក្រាបការតវ៉ាដែលបន្ត ទោះជាមានការហាមឃាត់ការជួបជុំជាសាធារណៈក្តី។ ដោយឡែក ការទូរស័ព្ទទៅក្រៅប្រទេសភាគច្រើនមិនអាចភ្ជាប់បានទេ ស្របពេលដែលគេហទំព័ររបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសបង់ក្លាដែសមិនអាចផ្សាយព័ត៌មានថ្មីៗបាន៕