(គូឡាឡាំពួរ)៖ ឆ្មាំឆ្នេរសមុទ្របាននិយាយកាលពីថ្ងៃអាទិត្យ (២១ កក្កដា) ថា ប្រទេសម៉ាឡេស៊ីបានឃាត់ខ្លួនកប៉ាល់ដឹកប្រេងដ៏ធំមួយ ដែលបានបុកជាមួយនាវាមួយទៀតនៅឆ្នេរសមុទ្ររបស់ខ្លួន ហើយយបានរត់គេចពីកន្លែងកើតហេតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
នាវាដឹកប្រេងឈ្មោះ Ceres I ដែលមានទង់ជាតិប្រទេស Sao Tome & Principe បានបុកជាមួយនាវាដឹកប្រេងឈ្មោះ Hafnia Nile ដែលមានទង់ជាតិសិង្ហបុរី កាលពីពីរថ្ងៃមុន ដែលបណ្តាលឱ្យនាវាទាំងពីរឆេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រ។
បន្ទាប់ពីការបុកគ្នា នាវា Ceres I បានចាកចេញពីកន្លែងកើតហេតុដោយខុសច្បាប់ និងបានបិទប្រព័ន្ធតាមដានរបស់ខ្លួន។ អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្តើមប្រតិបត្តិការស្វែងរកតាមផ្លូវអាកាស និងសមុទ្រភ្លាមៗ ហើយទីបំផុតបានរកឃើញ និងឃាត់ខ្លួននាវានេះ រួមជាមួយនាវាចំណតពីរគ្រឿង ដែលកំពុងអូសវានៅនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស។
ការស៊ើបអង្កេតតាមផ្លូវអាកាសដែលធ្វើឡើងដោយឆ្មាំសមុទ្រម៉ាឡេស៊ី បានរកឃើញការកំពប់ប្រេងលើផ្ទៃដីប្រហែល១៣គីឡូម៉ែត្រការ៉េ នៅកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះតាមសមុទ្រសិង្ហបុរី (SAR) ចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រភាគឦសាននៃកោះ Pedra Branca។
អាជ្ញាធរសិង្ហបុរីបានឱ្យដឹងថា នាវិកចំនួន ៣៦នាក់ មកពីនាវាទាំងពីរត្រូវបានជួយសង្គ្រោះ ប៉ុន្តែនៅសល់ ២៦នាក់ទៀតនៅលើនាវា Ceres I ដើម្បីព្យាយាមពន្លត់ ឬគ្រប់គ្រងភ្លើង ដែលកំពុងឆេះ។ យោធាសិង្ហបុរីក៏បានចាត់ឱ្យនាវាមួយគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយជម្លៀសអ្នកនៅលើនាវា បន្ទាប់ពីការបុកគ្នាផងដែរ៕