(ម៉ូស្គូ)៖ រុស្ស៊ីបានអះអាងនៅថ្ងៃអាទិត្យ (២១ កក្កដា) ថា ខ្លួនបានរារាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកពីរគ្រឿង មិនឱ្យឆ្លងកាត់ព្រំដែនរបស់ខ្លួនលើសមុទ្រ Barents ក្នុងតំបន់អាកទិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនបានសម្រុកឡើង ដើម្បីស្ទាក់ចាប់ «គោលដៅអាកាស ខិតជិតព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ី។ ក្រោយពីយន្តហោះចម្បាំងរុស្ស៊ីចូលទៅជិត យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ក៏បានផ្លាស់ប្តូរទិសដៅហោះហើរ និងចាកចេញពីព្រំដែនរុស្ស៊ី»។
គួរបញ្ជាក់ថា ទោះបីជាអាមេរិកតែងតែអនុវត្តការហោះហើរលើដែនទឹកអន្តរជាតិ ដោយអះអាងថា ធ្វើឡើងស្របតាមច្បាប់អន្តរជាតិក៏ដោយ ក៏ទីក្រុងម៉ូស្គូបានឆ្លើយតបកាន់តែខ្លាំងក្លាចំពោះសកម្មភាពទាំងនេះ។ កាលពីខែមិថុនា រុស្ស៊ីបានព្រមានថា ការហោះហើរយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅលើសមុទ្រខ្មៅ អាចបង្កហានិភ័យនៃការប៉ះទង្គិចគ្នាផ្នែកយោធា។
កាលពីខែមិថុនា រុស្ស៊ីក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់យន្តហោះដ្រូនឈ្លបយកការណ៍លើសមុទ្រខ្មៅ ដើម្បីជួយអ៊ុយក្រែនវាយលុកឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីផងដែរ៕