(ហ្ស៊េរុយសាឡិម)៖ ប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែល បានស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះ។ នេះបើតាមយោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែល បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាស Arrow 3 បានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ មុននឹងមីស៊ីលនេះហោះចូលទឹកដីអ៉ីស្រាអែល ហើយមុននឹង ការស្ទាក់ចាប់បំផ្លាញ ស៊ីរ៉ែនប្រកាសអាសន្នក៏បានបន្លឺសំឡេងដែរនៅក្នុងទីក្រុង Eilat ភាគខាងត្បូងអ៉ីស្រាអែល ដើម្បីប្រាប់ឱ្យប្រជាជនរត់រកកន្លែងមានសុវត្ថិភាព។

គួរបញ្ជាក់ថា ការអះអាងពីការស្ទាក់បំផ្លាញមីស៊ីលខាងលើ ធ្វើឡើងបន្ទាប់ពីយន្ដហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារលើគោលដៅយោធារបស់ក្រុមហ៊ូទី នៅក្បែរទីក្រុងកំពង់ផែ Hodeidah កាលពីថ្ងៃទី២០ ខែកក្កដា ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង៨៧នាក់ផ្សេងទៀតរងរបួស មួយថ្ងៃបន្ទាប់ពី ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះប្រើដ្រូនមួយគ្រឿងវាយប្រហារលើទីក្រុង Tel Aviv របស់អ៉ីស្រាអែល សម្លាប់មនុស្សម្នាក់ និង៤នាក់រងរបួស។

ក្រុមហ៊ូទីវិញ បានព្រមានថានឹងធ្វើការសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដោយអ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree និយាយថាហ៊ូទីនឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយប្រហារលើគោលដៅសំខាន់ៗនៅក្នុងប្រទេសអ៉ីស្រាអែល៕