(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានដំឡើងកម្រិតសេចក្ដីណែនាំនៃការធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស ដល់កម្រិតទី៤ ជាមួយការជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះដោយសារភាពចលាចល ចំពោះមុខកុបកម្មតវ៉ាដ៏ហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីណែនាំរបស់ខ្លួន ក្រសួងការបរទេសអាមេរិក ក៏បានបញ្ជាក់ដែរពីការអនុញ្ញាតឱ្យបុគ្គលិករបស់រដ្ឋាភិបាលអាមេរិកដែលមិនមានភារកិច្ចបន្ទាន់ ឬចាំបាច់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសបង់ក្លាដែស ដោយស្ម័គ្រចិត្ត។ ការចេញសេចក្ដីណែនំានេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានជំរុញឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះការធ្វើដំណើរទៅកាន់បង់ក្លាដែស។
គួរបញ្ជាក់ថា បង់ក្លាដែស បានរងនូវការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាពសម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។ ការណ៍នេះ បានបង្កការខឹងសម្បារ ដល់សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹង អត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំ ក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់។
រយៈពេល ៥ថ្ងៃមកនេះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកការតវ៉ា ខណៈក្រុមបាតុករបានប៉ះទង្គិចជាមួយបុគ្គលិកសន្តិសុខ ដោយគប់ដុំថ្ម និងដុតរថយន្ត។ គិតត្រឹម កាលពីថ្ងៃទី២០ ខែកក្កដា ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកុបករ និងប៉ូលិសបានកើនដល់ ១១៤នាក់៕