(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃទី២០ ខែកក្កដា បានរាយការណ៍ថាគ្រោះទឹកជំនន់នៅភាគខាងជើង និងភាគនិរតីនៃប្រទេសបានសម្លាប់មនុស្សយ៉ាងហោច២០នាក់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន មួយសប្ដាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថាមានរថយន្ដជាច្រើនគ្រឿងនៅក្នុងខេត្ត Shaanxi ភាគពាយព្យនៃប្រទេស បានធ្លាក់ចូលក្នុងទឹកទន្លេកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រោយស្ពានមួយបានបាក់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ១២នាក់បានស្លាប់ និងជាង៣០នាក់បាត់ខ្លួន។ តាម Xinhua ការស៊ើបអង្កេតបឋមបានបញ្ជាក់ថារថយន្ដ១៧គ្រឿង និងរថយន្ដធុនធំ៨គ្រឿង បានធ្លាក់ចូលទឹកទន្លេនៃទីក្រុង Shangluo។
ចំណែកឯ នៅក្នុងខេត្ត Sichuan ស្ថិតនៅភាគនិរតីនៃប្រទេស មានមនុស្ស ៣០នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ក្រោយព្យុះភ្លៀងបង្កជាគ្រោះទឹកជំនន់ពេញមួយយប់ ក្នុងទីក្រុង Ya'an។ សាកសពមនុស្ស ៨នាក់ត្រូវបានរកឃើញគិតត្រឹមកាលពីល្ងាចថ្ងៃសៅរ៍ ខណៈ៤នាក់ទៀត ត្រូវបានជួយសង្រ្គោះដោយមិនមានរបួសធ្ងន់ធ្ងរនោះទេ។
កាលពីថ្ងៃសុក្រផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថាមនុស្ស៥នាក់បានស្លាប់ និង៨នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី ក្នុងទីក្រុង Baoji ខេត្ត Shaanxi។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យអាជ្ញាធរប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្រ្គោះ និងផ្ដល់ជំនួយ ព្រមទាំងតាមស្វែងរកអ្នកដែល បានបាត់ខ្លួន៕