(មីនស្កី៍)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមអ្នកការទូតមកពីអាល្លឺម៉ង់ និងបេឡារុសកំពុងពិភាក្សាអំពីជោគវាសនារបស់ជនជាតិអាល្លឺម៉ង់ម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅបេឡារុស ហើយទីក្រុង Minsk បានដាក់ចេញនូវផែនការនៃដំណោះស្រាយមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០២៤។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ្យដឹងថា ពលរដ្ឋរបស់ខ្លួនម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ហើយថាទីក្រុងបែរឡាំង កំពុងទាក់ទងជាមួយអាជ្ញាធរ នៅទីក្រុង Minsk ជុំវិញជោគវាសនារបស់ពលរដ្ឋរូបនោះ តែមិនបានបញ្ចេញឈ្មោះនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Belta បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសបេឡារុស លោក Anatoly Glaz ដែលនិយាយថា «ដោយគិតគូពីសំណើរបស់ក្រសួងការបរទេសអាល្លឺម៉ង់ បេឡារុស បានដាក់ចេញនូវដំណោះស្រាជាក់ស្តែងលើជម្រើសដែលមាន»។
គួរបញ្ជាក់ថា អង្គការសិទ្ធិមនុស្ស Viasna នៅក្នុងប្រទេសបេឡារុស ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Rico Krieger ត្រូវបានកាត់ទោសប្រហារជីវិតនៅបេឡារុស ដោយការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ក៏ដូចជាសកម្មភាពស៉ីឈ្នួល។ Krieger ត្រូវបានឃុំខ្លួនតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយត្រូវបានកាត់ទោសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤៕