(សៅប៉ូឡូ)៖ ប៉ូលិសអាហ្រ្វិកខាងត្បូង បានរកឃើញមន្ទីរពិសោធន៍សម្រាប់ផលិតថ្នាំមេតំហ្វេជ្រកក្រោមស្លាកឧស្សាហកមម្មមួយកន្លែង ដែលជាការបង្រ្កាបគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន ដោយចាប់ខ្លួនជនសង្ស័យ ៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០២៤។
ប៉ូលិសនិយាយថា មន្ទីរពិសោធន៍នោះត្រូវបានរកឃើញនៅក្នុងកសិដ្ឋាននៃទីក្រុង Groblersdal ដែលជាទីក្រុងតូចមួយរបស់ខេត្ត Limpopo។ ប៉ូលិសរកឃើញសារធាតុគីមីក្នុងបរិមាណដ៏ច្រើន សម្រាប់ប្រើប្រាស់ក្នុងការផលិតថ្នាំខុសច្បាប់ដូចជា acetone និង crystal meth ជាដើម និងមានតម្លៃប្រហែល ១០៩.៥លានដុល្លារ។
បើតាមអ្នកស្រី Katlego Mogale អ្នកនាំពាក្យរបស់អង្គភាពប៉ូលិសជាន់ខ្ពស់ Hawks អ្វីដែលខុសពីការបង្រ្កាបផ្សេងទៀត នោះគឺមានពលរដ្ឋម៉ិកស៉ិកជាប់សង្ស័យដែរ។ មានន័យថា ប្រតិបត្តិការបន្តនឹងកាន់តែលំបាក។ វាមិនទាន់ប្រាកដទេថាតើជនសង្ស័យផលិតគ្រឿងញៀន ដើម្បីចែកចាយក្នុងប្រទេស ឬនៅកន្លែងផ្សេង។
គួរបញ្ជាក់ថា ការិយាល័យអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថា អាហ្រ្វិខាងត្បូងគឺជាទីតាំងឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀនដ៏សំខាន់មួយ ដោយសារតែភូមិសាស្រ្ត និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ៕