(ប៉េកាំង)៖ ដោយបង្កើនល្បឿនដំណោះស្រាយបញ្ចប់ភាពក្រីក្ររបស់ប្រជាជនចិន នោះឆ្នាំ១៩៧៨ជាដំណាក់កាលដំបូង នៃការកែទម្រង់និងការបើកចំហសេដ្ឋកិច្ច បានក្លាយជាគីឡូម៉ែត្រចេញដំណើរនៃវិបុលភាពសង្គម ឈានឆ្ពោះទៅដោះសោរ លេខកូដសម្ងាត់ភាពក្រីក្រទាំងស្រុង ដូចដែលបក្សកុម្មុយនិស្តចិន បានសន្យាទុកសម្រាប់រយៈពេល១០០ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃបង្កើតបក្ស សម្រាប់បិទបញ្ចប់គោលដៅតស៊ូមួយរយឆ្នាំទីមួយ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បក្សកុម្មុយនិស្តចិន និងប្រជាជាតិចិនទូទាំងប្រទេស ដំណើរការនៃទំនើបកម្មសង្គមនិយម តាមបែបផែនចិនកាន់តែល្បីរន្ទឺចាប់ពីឆ្នាំ២០២១មក ដែលជាការគូសរំលេចនូវស្នូរជួងឮខ្ទរខ្ទារប្រាប់ដល់ពិភពលោក ពីស្ថានភាពជាក់ស្តែងដែលប្រជាជនចិនទាំងមូល បានទទួលនូវកម្រិតជីវភាពរុងរឿងស្របតាមដំណើរ នៃការធ្វើទំនើបកម្មតាមបែបផែនចិន បានផ្តល់វិភាគទានដល់ការរៀបចំកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ដោយបានរំលេចថាភាពបើកទូលាយ គឺជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏បង្ហាញពីកម្លាំងសាមគ្គីគ្នាកាន់តែខ្លាំងរបស់បក្ស យោធា ប្រជាជនគ្រប់ជនជាតិទាំងអស់ក្នុងប្រទេសចិន ក្រោមការដឹកនាំរបស់មជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូលដើម្បីបន្តជ្រោង ទង់កំណែទម្រង់និងបើកទូលាយ។
ដោយបង្កើនការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ផ្តល់នូវវិជ្ជមានភាព ចាក់បញ្ចូលទៅក្នុង របៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបន្តកែលម្អ និងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាន នូវប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ នៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបន្តឈានក្នុងដំណើរយ៉ាងស្វាហាប់ ក្នុងសង្គមវិបុលភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព ដោយបន្ថែមវិធីសាស្រ្តអភិវឌ្ឍយ៉ាងទូលំទូលាយ ក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញតាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន។
ដោយបន្តដំណើរយ៉ាងស្វាហាប់លើ វិថីទំនើបកម្មសង្គមនិយម តាមបែបផែនចិន លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានរំលេចពីផែនការច្បាស់លាស់ ប្រកបដោយត្រីវិស័យ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ យល់ធ្លុះពីស្ថានភាពជាក់ស្តែង និងដាក់ចេញ នូវគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការសម្រេចកសាង ប្រទេសចិនទំនើបដោយគ្រប់ជ្រុងជ្រោយ ស្របនឹងសុភាសិតបុរាណចិន ដែលបានអះអាងថា «អ្នកនឹងបរាជ័យបើអ្នកគ្រាន់តែដឹងពីអ្វីដែលត្រូវធ្វើ តែដោយមិនដឹងពី ស្ថានភាពជាក់ស្តែង»។
បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុង បរិយាកាសអន្តរជាតិ ក៏ដោយ ក៏ប្រទេសចិននៅតែឈរ យ៉ាងរឹងមាំលើ ការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព និងប្រកាន់ខ្ជាប់គោលនយោបាយការទូតបែបសន្តិភាព ដែលឯករាជ្យនិងម្ចាស់ការដោយជំរុញ ការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ អនុវត្តគុណតម្លៃរួមនៃមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលមានសមភាពនិងមានសណ្តាប់ធ្នាប់ បរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅដល់មនុស្សជាតិ។
ដោយមានបទពិសោធន៍ និងពោរពេញដោយឆន្ទៈបង្កើនកំណើនសកល លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានយល់ស្របថាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម កម្រិតខ្ពស់ជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ស្របពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងធ្វើឱ្យមានការងើបឡើងវិញយ៉ាងលំបាក។
បន្ថែមពីនេះ លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៅតែបន្តចាត់ទុក នវានុវត្តភាពជាកម្លាំងចលករចម្បងនៃការរីកចម្រើន ក៏ដូចជាកម្លាំងចលករស្នូលនៅក្នុង កិច្ចការអភិវឌ្ឍប្រទេសចិនទាំងមូល ហើយចាត់ទុកធនធានមនុស្សជាធនធានចម្បង ក្នុងការគាំទ្រការអភិវឌ្ឍនេះ ដោយបានគូសបញ្ជាក់ពីការលើកកម្ពស់នវានុវត្តន៍ដាក់ ក្នុងឋានៈជាស្នូលដើម្បីជំរុញនៅក្នុងប្រព័ន្ធទ្រឹស្ដី វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយជំរុញឱ្យនវានុវត្តភាពនេះក្លាយទៅជាប្រធានបទ ដ៏លេចធ្លោនៅក្នុងការងារបក្ស ក៏ដូចជាការងាររដ្ឋាភិបាល រួមទាំងសកម្មភាពប្រចាំថ្ងៃនៅក្នុងសង្គមផងដែរ ដោយបានកំណត់ទិសដៅទុកជាមុនថាឆ្នាំ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀត នូវប្រព័ន្ធសង្គមនិយមតាមបែបផែនចិន។
ដោយឆ្លើយតបនឹងទំនុកចិត្ត យ៉ាងមុតមាំពីប្រជាជាតិចិន ពីយោធាទាំងមូលដែលបានរួមចិត្ត រួមថ្លើម រួមកម្លាំងគ្នានិងខិតខំតស៊ូឈានទៅមុខ យ៉ាងអង់អាចក្នុងរយៈពេល១០ឆ្នាំកន្លងមក លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានពន្លឿនការអភិវឌ្ឍដោយរួមបញ្ចូលគ្នា រវាងទីក្រុងនិងជនបទ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ការធានានិងកែលម្អជីវភាពរស់នៅ របស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ និងនីតិរដ្ឋដែលជាការធានាដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ឱ្យស៊ីសង្វាក់គ្នារវាងអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណ ហើយក៏ជាការឆ្លើយតបបានទៅនឹងសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិផងដែរ។
ក្នុងន័យនេះ លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ បានផ្តល់តម្លៃខ្ពស់លើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយកំណត់ថាធនធានមនុស្ស គឺជាការទ្រទ្រង់ជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រសម្រាប់ ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយការគ្រប់គ្រងម៉ាក្រូតាមបែបវិទ្យាសាស្ត្រ និងអភិបាលកិច្ចរបស់រដ្ឋាភិបាល ដែលប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការនៃឧត្តមភាព ផ្នែកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម ផ្តល់វិបុលភាពដល់ប្រជាជាតិចិន និងជាកាលានុវត្តភាពដល់ ពិភពលោកផងដែរ។
ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានបង្ហាញដោយប្រត្យក្សថា ប្រទេសចិននឹងជំរុញល្បឿនឈានឆ្ពោះទៅសម្រេចជោគជ័យ ក្នុងការបង្កើតវិបុលភាពខ្ពស់ដល់ សង្គមនិយមតាមបែបផែនចិន នៅក្នុងគ្រប់ទិដ្ឋភាពជូនដល់ប្រជាជនចិន ហើយចិននៅបន្តចូលរួម ចំណែកកាន់សកម្មខ្លាំងក្លាបន្ថែមទៀត ជាកតាលីករជំរុញល្បឿននៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិស្របនឹងទិសដៅសន្តិភាព កិច្ចសហប្រតិបត្តិការពហុប៉ូលនិងឈ្នះ-ឈ្នះដែលចិន តែងប្រកាន់ខ្ជាប់ជាប់ជានិច្ច៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន