(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំពេញអង្គ បានស្តាប់និងពិភាក្សារបាយការណ៍ការងារ របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»

លោក Xi Jinping ក៏បានពន្យល់ពី «សេចក្តីសម្រេចចិត្ត (សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។
កិច្ចប្រជុំពេញ អង្គបានវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តជាក់ស្តែងដោយជោគជ័យ និងសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើឱ្យមានភាពស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សា បញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះ សម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយម ដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច។

ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ធ្វើឱ្យមានសុក្រឹតភាព បន្ថែមទៀត នូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាន នូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាន នូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ នៅពាក់កណ្តាលសតវត្សរ៍នេះ។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ គឺជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាភារកិច្ចចម្បងក្នុងការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ។ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស គឺជាការទ្រទ្រង់ជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រសម្រាប់ ការធ្វើទំនើបកម្មតាមបែបផែនចិន។ ការគ្រប់គ្រងម៉ាក្រូតាមបែបវិទ្យាសាស្ត្រ និងអភិបាលកិច្ចរបស់រដ្ឋាភិបាល ដែលប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការនៃឧត្តមភាពផ្នែកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម ។ ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុង និងជនបទគឺជាភាពចាំបាច់ សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ភាពបើកទូលាយគឺជានិមិត្តសញ្ញា នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលគឺជាតម្រូវការ ជាស្នូលនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ នីតិរដ្ឋគឺជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដោយស៊ីសង្វាក់គ្នា រវាងអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណ។ ការធានានិងកែលម្អជីវភាព រស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ គឺជាកិច្ចការសំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់ជាមួយគ្នា ដោយសុខដុមរមនា។ សន្តិសុខជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ស្ថិរភាពនិងភាពយូរអង្វែង នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ការធ្វើទំនើបកម្មខាងការការពារជាតិនិងយោធា គឺជាធាតុផ្សំដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

កិច្ចប្រជុំពេញអង្គបានគូសបញ្ជាក់ថា ការដឹកនាំនៃបក្សកុម្មុយនីស្តចិនជា ការធានាពីឫសគល់នៃការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

ចាំបាច់ត្រូវប្រកាន់គោលនយោបាយការទូតបែបសន្តិភាព ដែលឯករាជ្យនិងម្ចាស់ការ ជំរុញការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ អនុវត្តគុណតម្លៃរួម នៃមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលមានសមភាព និងមានសណ្តាប់ធ្នាប់ បរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ចូលរួមនិងដឹកនាំកំណែទម្រង់ និងកសាងប្រព័ន្ធអភិបាលកិច្ចសកល គាំពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសជាតិ។

អនុលោមតាមលក្ខន្ដិកៈរបស់បក្សកុម្មុយនីស្តចិន កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តបន្ថែមលោកស្រី Ding Xiangqun លោក Yu Lijun និងលោកស្រី Yu Jihong ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមចិន។ កិច្ចប្រជុំពេញអង្គ បានសម្រេចចិត្តទទួល យកពាក្យសុំលាលែងពីលោក Qin Gang ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមចិន។

កិច្ចប្រជុំពេញអង្គបានអំពាវនាវថា បក្សទាំងមូល យោធាទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នា កាន់តែខ្លាំងក្រោមការដឹកនាំ របស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលជ្រោងទង់កំណែទម្រង់ និងបើកទូលាយ រួមចិត្តរួមថ្លើម រួមកម្លាំងគ្នា ខិតខំតស៊ូឈានទៅមុខយ៉ាងអង់អាច ខិតខំកសាងមាតុប្រទេសឱ្យក្លាយជា ប្រទេសសង្គមនិយមទំនើបនិងខ្លាំងក្លា ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ និងជំរុញការស្តាភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន!

វិទ្យុមិត្តភាពកម្ពុជាចិន