រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងជួបប្រមុខការទូតចិន នៅប្រទេសឡាវ នាសប្តាហ៍ក្រោយ (Videos inside)
20-07-2024 09:47
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រូបលោកនឹងជួបសមភាគីចិនគឺលោក Wang Yi នាសប្តាហ៍ក្រោយ អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អាស៊ាន នៅឯប្រទេសឡាវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។
លោក Blinken បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនិយាយជាមួយលោក Wang Yi ញឹកញាប់គួរសម ហើយខ្ញុំនឹងត្រូវជួបមុខលោក នាសប្តាហ៍ក្រោយនេះ នៅប្រទេសឡាវ»។ ទោះជាបែបនេះក្តី លោកប្រមុខការទូតអាមេរិក មិនបានបញ្ជាក់ឱ្យច្បាស់ៗថា តើអ្នកទាំងពីរនឹងបើកជំនួបលក្ខណៈទ្វេភាគី ឬក៏យ៉ាងណាឡើយ នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។
លោក Blinken បានបន្ថែមថា «ពួកយើងបានស្តារឡើងវិញ នូវការធ្វើប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាប្រចាំ រវាងប្រទេសយើងទាំងពីរ ខណៈវាគឺជារឿងមានសារសំខាន់ជាខ្លាំង ដ្បិតថាប្រសិនបើ អ្នកចង់ចៀសវាងការលេចឡើង នៃជម្លោះដោយអចេតនាណាមួយនោះ គឺអ្នកចាំបាច់ត្រូវតែចាប់ផ្តើមជជែកគ្នា ពោលគឺត្រូវចាប់ផ្តើមនិយាយទាក់ទងគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា អំឡុងការបំពេញទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់ប្រទេសចិន ក្នុងចន្លោះពេលមិនដល់១ឆ្នាំ លោក Blinken បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីខែមេសា ហើយលោក ស៉ី បានអំពាវនាវឱ្យប្រទេសមហាអំណាចទាំងពីរ ព្យាយាមធ្វើជាដៃគូនឹងគ្នា ជាជាងគូប្រជែង៕