(ឡង់ដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេសថ្មីបានប្រកាសនៅថ្ងៃសុក្រថា ខ្លួននឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ឡើងវិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ ពីការផ្អាកមូលនិធិជាបណ្តោះអាសន្នដោយសារការចោទប្រកាន់ពីបុគ្គលិកមួយចំនួន ជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបញ្ជាក់ថា UNRWA បានចាត់វិធានការដើម្បីធានាអព្យាក្រឹតភាព និងបំពេញតាមស្តង់ដារខ្ពស់បំផុត។ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់មូលនិធិថ្មីចំនួន ២១ លានផោន (២៧.១ លានដុល្លារ) ដើម្បីគាំទ្រដល់ការងាររបស់ UNRWA ក្នុងការផ្តល់ការអប់រំ សុខភាព និងជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់។
លោក Lammy បានគូសបញ្ជាក់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយលើកឡើងពីកង្វះអាហារូបត្ថម្ភ ការកើនឡើងនៃជំងឺរាគ និងជំងឺស្វិតដៃជើង។ លោកបានសង្កត់ធ្ងន់ថា UNRWA ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយដល់ជនស៊ីវិលនៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការបន្តផ្តល់មូលនិធិដល់ UNRWA នេះ គឺផ្ទុយពីការចោទប្រកាន់របស់អ៊ីស្រាអែល អំពីការពាក់ព័ន្ធរបស់ទីភ្នាក់ងារនេះជាមួយក្រុមហាម៉ាស់។ ការពិនិត្យឡើងវិញឯករាជ្យមួយ មិនបានរកឃើញភស្តុតាងគាំទ្រការចោទប្រកាន់ទាំងនេះទេ៕