(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីរួចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងយុទ្ធនាការឃោសបោះឆ្នោត កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ ការស្ទង់មតិមួយចំនួនបង្ហាញថា ឱកាសឈ្នះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងពេលដែលគូប្រជែងរបស់ លោក គឺលោកប្រធានាធិបតី ចូ បៃដិន កំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវកាន់តែច្រើនឡើងពីសមាជិកក្នុងបក្សប្រជាធិបតេយ្យ ឱ្យរូបលោកដកខ្លួនចេញពីការប្រកួត ដើម្បីទុកកន្លែងឱ្យអ្នកផ្សេងជំនួសរូបលោក។ ប៉ុន្តែ ខណៈក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កំពុងសប្បាយចិត្ត បណ្ដាប្រទេសជា សមាជិក NATO បែរជាកំពុងព្រួយបារម្ភទៅវិញ។
លោក ដូណាល់ ត្រាំ ដែលទើបតែត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ ធ្លាប់បានបង្កឱ្យមានភាពជ្រួលច្របល់ជុំវិញ ការប្ដេជ្ញាចិត្តរបស់លោកក្នុងការការពារសម្ព័ន្ធមិត្ត NATO អំឡុងកាន់តំណែងជាប្រធានាធិបតី ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ថ្មីនេះៗភាពជ្រួលច្របល់ បានកើតឡើង សាជាថ្មី បន្ទាប់ពីលោកបានគំរាមមិនការពារសម្ព័ន្ធមិត្ត ដូចដែលមានចែងក្នុងមាត្រា៥របស់ NATO នោះទេ។
* អ្វីទៅជាមាត្រា៥?
មាត្រា៥ គឺជាសន្ធិសញ្ញាស្នូលដ៏សំខាន់ជាងគេបំផុតរបស់បក្សសម្ព័ន្ធយោធា NATO។ មាត្រានេះបានកំណត់ពីការសន្យាផ្ដល់ការការពារជាសមូហភាព និងកាតព្វកិច្ច របស់រដ្ឋជាសមាជិកនីមួយៗក្នុងការប្ដេជ្ញាចិត្តការពារគ្នាទៅវិញទៅមក ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពនៅក្នុងបក្សសម្ព័ន្ធយោធាធំជាងគេបំផុតមួយនេះ នៅលើពិភពលោក។ នៅក្រោមមាត្រា ៥នេះ ការវាយប្រហារលើសមាជិកណាមួយនឹងត្រូវបានចាត់ទុកជាការវាយប្រហារប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ដែលសព្វថ្ងៃ មាន ៣២ប្រទេស។ NATO ធ្លាប់យកមាត្រា៥មកប្រើ នៅបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មពិភពលោក World Trade Center និងមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក។ នៅពេលនោះ NATO បានប្រើប្រាស់យន្ដហោះគ្រប់គ្រងប្រព័ន្ធ និងប្រកាសអាសន្ន ដើម្បីជួយល្បាតលើដែនអាកាស សហរដ្ឋអាមេរិក។ តាមរយៈមាត្រា៥ NATO ក៏បានដើរតាមសហរដ្ឋអាមេរិកដែរក្នុងការធ្វើប្រតិបត្តិការល្បាតក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ចូលរួមក្នុងសង្រ្គាម អាហ្វហ្កានីស្ថាន និងការបណ្ដុះបណ្ដាលទាហានអ៉ីរ៉ាក់។
* ហេតុអ្វីបេក្ខភាពរបស់លោក ត្រាំ ធ្វើឱ្យ NATO បារម្ភ?
ការព្រួយបារម្ភរបស់ NATO ចំពោះលោក ដូណាល់ ត្រាំ មិនមែនទើបតែកើតឡើងទេ។ ពោលអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានគំរាមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អឺរ៉ុបថា សហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្ត NATO ទាំងឡាយណាដែលបានចូលរួមចំណែកថវិកាគ្រប់គ្រាន់លើវិស័យ ការពារជាតិតែប៉ុណ្ណោះ។ តាមលោក ត្រាំ ប្រទេសជាសមាជិកជាច្រើនបានដើរខ្សែលើ ដោយទុកឱ្យសហរដ្ឋអាមេរិកទទួលអម្រែកធ្ងន់តែម្នាក់ឯង សម្រាប់កិច្ចការការពារ សមូហភាព។ ទិន្នន័យរបស់ NATO សហរដ្ឋអាមេរិកបានចំណាយកញ្ចប់ថវិការបស់ខ្លួន ៣.៣៨ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP លើវិស័យការពារជាតិ ខណៈប្រទេសជាសមាជិកមួយចំនួនចាយ ២.០២ភាគរយនៃ GDP ហើយខ្លះទៀតចាយមិនទាន់បានដល់ ២ភាគរយទេ។
បណ្ដាប្រទេសអឺរ៉ុប បានព្យាយាមស្វែងរកការធានាឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ NATO អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ។ តែការព្យាយាម នេះប្រែទៅជាការខកបំណង នៅឯកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងព្រុចសែល កាលពីខែឧសភា ឆ្នាំ២០១៧ ដោយលោក ត្រាំ បានបដិសេធប្ដេជ្ញាចិត្តត្រង់ៗចំពោះមាត្រា៥។ ២សប្ដាហ៍ក្រោយមក នៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បាននិយាយថា លោកមានការប្ដេជ្ញាចិត្តដាច់ខាតចំពោះមាត្រា៥។ តែជាថ្មីម្ដងទៀត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤នេះ លោក ត្រាំ បានរិះគន់លើបណ្ដាប្រទេស NATO មួយចំនួន ដែលមិនបានចូលរួមចំណែកបង់វិភាគទានគ្រប់គ្រាន់លើវិស័យ ការពារជាតិតាមការកំណត់យ៉ាងហោច ២ភាគរយនៃ GDP ក្នុងឆ្នាំ២០២៤នេះ។ កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ ការព្រួយបារម្ភរបស់ NATO បានឡើងដល់កំពូល ក្រោយ លោក ត្រាំ និយាយថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី នោះលោកនឹងលើកទឹកចិត្តឱ្យរុស្ស៉ីធ្វើអាក្រក់តាមចិត្តចង់ ដាក់ប្រទេស NATO ណាដែល មិនបានបង់វិភាគទានគ្រប់គ្រាន់តាមការកំណត់។ លោក ត្រាំ ក៏ធ្លាប់បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងការពារតែសម្ព័ន្ធមិត្ត NATO ណាដែលបានចូលរួមចំណែកថវិកា គ្រប់គ្រាន់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមទិន្នន័យចេញផ្សាយដោយ NATO កាលពីខែមិថុនាកន្លងទៅ ប្រទេសជាសមាជិកចំនួន៨ ដែលមិនទាន់បានបំពេញតាមលក្ខខណ្ឌនៃការចំណាយ យ៉ាងហោច២ភាគរយនៃ GDP លើកញ្ចប់ថវិកាយោធារួមមាន បែលហ្ស៉ិក កាណាដា ក្រូអាត អ៉ីតាលី លុចសំបួ ព័រទុយហ្កាល់ ស្លូវេនី និងអេស្ប៉ាញ៕