(ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។
នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ រីឯតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។
គួរបញ្ជាក់ថា លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយលោកក៏ធ្លាប់កាន់តួនាទីជា ប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។ អាយុកាន់តែច្រើន បូករួមទាំងសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំង របស់លោក Trong បានបង្កឱ្យមានការសង្ស័យជាយូរមកហើយថា រូបលោកប្រហែលជា មិនអាចនៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ៕