(វ៉ាស៉ីនតោន)៖ ប្រភពចំនួនពីរ បានបង្ហើបឱ្យដឹងថា សហការីរបស់បេក្ខជនប្រធាធិបតីអាមេរិកនៃគណក្សសាធារណរដ្ឋ លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិភាក្សាអំពីការរៀបចំជំនួប តាមទូរស័ព្ទរវាង Zelenskiy និងលោក Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤។
ប្រភពមួយនិយាយថា ជំនួបតាមទូរស័ព្ទអាចធ្វើឡើង នៅថ្ងៃសុក្រនេះ ប៉ុន្តែ Reuters មិនទាន់កំណត់បានភ្លាមៗទេ ថាតើ វាពិតជានឹងកើតឡើងមែនឬយ៉ាងណា។ ប្រសិនបើពិត វានឹងជាការសន្ទនាលើកដំបូងរបស់អ្នកទាំងពីរ ចាប់តាំងពី លោក Trump ចាកចេញពីសេតវិមាន ក្នុងឆ្នាំ ២០២១។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ CNN ក៏បានរាយការណ៍ដែរថា លោក Trump និងលោក Zelenskiy មានគម្រោងជជែកគ្នាតាមទូរស័ព្ទ នៅថ្ងៃសុក្រ។ យ៉ាងនេះក្តី អ្នកតំណាងរៀបចំយុទ្ធនាការរបស់ លោក Trump បានបដិសេធធ្វើការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា លោក Trump ធ្លាប់និយាយថា លោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានមុនពេលចូលកាន់តំណែង នៅខែមករា ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតអំពី របៀបបិទបញ្ចប់សង្រ្គាមក៏ដោយ៕