(វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសន្យាថា នឹងនាំមកនូវទីបញ្ចប់សម្រាប់សង្រ្គាមនានា ដែលកំពុងផ្ទុះឡើងជុំវិញពិភពលោក ហើយស្តារមុខមាត់និងឥទ្ធិពលរបស់អាមេរិកឡើងវិញ នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
អំឡុងព្រឹត្តិការណ៍សមាជជាតិបក្សសាធារណរដ្ឋ នៅទីក្រុង Milwaukee អតីតប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះ នៃសង្រ្គាមលោកលើកទី៣ ហើយលោកបានប្តេជ្ញាយ៉ាងដូច្នេះថា «យើងនឹងស្តារសន្តិភាព ស្ថិរភាព និងវិបុលភាព នៅទូទាំងពិភពលោកឡើងវិញ។ ក្រោមការដឹកនាំរបស់យើង សហរដ្ឋអាមេរិក នឹងទទួលបានការគោរពសាជាថ្មី។ គ្មានប្រទេសណា នឹងហ៊ានចោទសួរអំណាចរបស់យើង គ្មានសត្រូវណា នឹងហ៊ានសង្ស័យចំំពោះអានុភាពយើងឡើយ ហើយព្រំដែនរបស់យើង នឹងត្រូវបានធានាសុវត្ថិភាព ទាំងស្រុង»។
លោក ត្រាំ បានបន្តថា សព្វថ្ងៃនេះ ពិភពលោកកំពុងប្រឈមវិបត្តិអន្តរជាតិដ៏ធ្ងន់ធ្ងរ ដោយមានសង្រ្គាមផ្ទុះឡើងនៅអឺរ៉ុបនិងមជ្ឈិមបូព៌ា រួមជាមួយហានិភ័យជម្លោះ ស្ថិតក្នុងកម្រិតដ៏គ្រោះថ្នាក់ ពាក់ព័ន្ធតៃវ៉ាន់ ឧបទ្វីបកូរ៉េ ហ្វីលីពីន និងនៅពាសពេញអាស៉ីទាំងមូល។ លោកបានប្តេជ្ញាថា នឹងផ្លាស់ប្តូរស្ថានភាពទាំងអស់នេះ ប្រសិនបើជាប់ឆ្នោតអាណត្តិទី២។ លោក ត្រាំ បានទម្លាក់កំហុសលើ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបណ្តោយឱ្យវិបត្តិរីករាលដាល ជុំវិញពិភពលោក ហើយលោកបន្ថែមទៀតថា ដើម្បីសម្រេចគោលដៅទាំងនោះថា ជាជំហានដំបូង គឺត្រូវសង្រ្គោះសហរដ្ឋអាមេរិក ពីដៃមេដឹកនាំដែលបរាជ័យនិងអសមត្ថភាពសិន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់កាន់អំណាចជាមេដឹកនាំអាមេរិក កាលពីចន្លោះឆ្នាំ២០១៧-២០២១។ លោកបានចាញ់ លោក បៃដិន ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ៕