(ព័រវីឡា)៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានប្រកាសឱ្យដឹងថា ខ្លួនបានបើកសម្ពោធជាផ្លូវការ នូវស្ថានទូតក្នុងប្រទេសដែនកោះ វ៉ានូទូ (Vanuata) ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង សំដៅទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន នៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង ដែលមានសារសំខាន់ផ្នែកយុទ្ធសាស្រ្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការបើកស្ថានទូតនេះ គឺជួយបង្កើនបន្ថែមទៀត នូវកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីផ្តល់វត្តមានការទូតឱ្យផុសផុលជាមុន នៅពេសពេញតំបន់ និងដើម្បីធ្វើប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសជិតខាង នៅប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា កន្លងមកនេះ សហរដ្ឋអាមេរិក បានបើកស្ថានទូតនៅប្រទេសដីកោះប៉ាស៉ីហ្វិក២ផ្សេងទៀត គឺសូឡូម៉ុន (Solomon Islands) និងតុងហ្កា (Tonga) ហើយក៏មានផែនការបើកស្ថានទូត នៅប្រទេសដែនកោះ គិរីបាទី ផងដែរ។ ទីក្រុងវ៉ាស៉ីនតោន ត្រូវគេសង្កេតឃើញថា បាននិងកំពុងខិតខំបង្កើន វត្តមានផ្នែកការទូត នៅក្នុងតំបន់ប៉ាស៉ីហ្វិក ដើម្បីទប់ទល់នូវអ្វីដែលខ្លួនចាត់ទុកជា ការគំរាមកំហែងកើនឡើងពីសំណាក់ប្រទេសចិន ដែលជាគូប្រជែងយុទ្ធសាស្រ្តចម្បងបំផុតរបស់អាមេរិក៕