(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Lin Chia-ling បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់ចាំបាច់ត្រូវតែពឹងផ្អែកលើខ្លួនឯងផ្ទាល់ សម្រាប់ការការពារខ្លួន ចំពោះមុខការបង្កើនសម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ឆ្លើយតបសំណួររបស់ក្រុមអ្នកសារព័ត៌មាន ស្តីពីការអត្ថាធិប្បាយថ្មីៗនេះពាក់ព័ន្ធតៃវ៉ាន់ ដែលធ្វើឡើងដោយបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោកប្រមុខការទូតតៃវ៉ាន់ បានប្រាប់ថា ដែនកោះនេះ បាននិងកំពុងខ្នះខ្នែងទិញសព្វាវុធពីសហរដ្ឋអាមេរិក ហើយទន្ទឹមគ្នាកំពុងបន្តបង្កើនការចំណាយ លើវិស័យការពារជាតិ។ នៅក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន និងចោទប្រកាន់ថា តៃវ៉ាន់បានដណ្តើមយកអាជីវកម្មបន្ទះឈីបពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទោះបីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់ សម្រាប់ទីក្រុងតៃប៉ិ។ កោះតៃវ៉ាន់ ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ៕