(Milwaukee, សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទទួលយកការតែងតាំងរូបលោក ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ ប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់សមាជជាតិនៃគណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Milwaukee លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «នៅយប់នេះ ជាមួយជំនឿ និងភក្ដីភាព ខ្ញុំពិតជាមានកិត្តិយសទទួលយកការតែងតាំងរបស់អ្នកទាំងអស់គ្នា សម្រាប់ខ្ញុំធ្វើជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។ ឆ្លៀតឱកាសនោះ លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីព្រឹត្តិការណ៍ដ៏រន្ធត់កាលពីសប្ដាហ៍មុន។ «ខ្ញុំសឹងតែមិនជឿនោះទេថាអាចឈរទីនេះនៅយប់នេះ។ មានឈាមហូរនៅគ្រប់ទីកន្លែង ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ពីព្រោះព្រះជាម្ចាស់ឈរនៅខាងខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ។
គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី១៥ ខែកក្កដាបានប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដើម្បី ប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ព្រមពេលជាមួយគ្នា សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ត្រាំ ហើយសមាជិកព្រឹទ្ធសភារូបនេះផ្ទាល់ក៏បានទទួលយកការតែងតាំង រួចហើយដែរ កាលពីថ្ងៃពុធ៕