(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា បាននិយាយថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែរំពឹងថាអាចនឹងជួបជាមួយ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅពេលដែលរូបលោកធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជារំពឹងយ៉ាងខ្លាំងថា មេដឹកនាំទាំង២ នឹងមានឱកាសមួយដើម្បីជួបគ្នា ខណៈលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន»។
គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមគ្នានៃសភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ សប្ដាហ៍ក្រោយ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលក៏បានរាយការណ៍ដែរថានាយករដ្ឋមន្ត្រីរូបនេះអាចនឹងមានជំនួបជាមួយលោក បៃដិន នៅថ្ងៃចន្ទ។ ប៉ុន្តែ បើតាមលោក John Kirby ជំនួបរវាងលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏អាស្រ័យលើការជាសះស្បើយពីកូវីដ១៩ របស់លោក បៃដិនផងដែរ៕