(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះបាននិយាយថាខ្លួនបានចាក់មេក្រូឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន តម្រង់ទៅកាន់កូរ៉េខាងជើង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការឆ្លើយតបទៅនឹងការបង្ហោះបាឡុងផ្ទុកសំរាមដោយទីក្រុងព្យុងយ៉ាង ចូលទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧបករណ៍បំពងសំឡេង រួមទាំងបាឡុងដែលត្រូវបានក្រុមសកម្មជនកូរ៉េខាងត្បូងប្រើប្រាស់ដើម្បីបញ្ជូនខិត្តប័ណ្ណរិះគន់ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុនដែរនោះ បានក្លាយជា ប្រភពថ្មីមួយនៃភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២។ ចាប់តាំងពីខែឧសភាមក កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់ចូលទឹកដីកូរ៉េខាងត្បូង ហើយក្រោយ ការព្រមានម្ដងហើយម្ដងទៀតពីរដ្ឋាភិបាលសេអ៊ូលឱ្យព្យុងយ៉ាងបញ្ឈប់ទង្វើបែបនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្ដើមចាក់មេក្រូខ្នាតធំដែលត្រូវបានដំឡើងនៅតាមតំបន់ព្រំដែន ដើម្បីឃោសនារិះគន់របបបដឹកនាំលោក គីម ព្រមទាំងចាក់ចម្រៀង K-Pop និងព័ត៌មានពិភពលោកថ្មីតម្រង់ទៅកាន់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការចាក់មេក្រូដែលត្រូវបានក្រុមមន្ត្រីយោធា និងសកម្មជននៅកូរ៉េខាងត្បូង ជឿថាជាសង្រ្គាមចិត្តសាស្ត្រមួយដ៏មានប្រសិទ្ធភាពប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង សព្វថ្ងៃ ត្រូវបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨។ តែកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានដកខ្លួនរៀងៗខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីប៉ុន្មានខែមុននេះ៕