(ព្រុចស៊ែល)៖ លោកស្រី Ursula von der Leyen ត្រូវបានសភាអឺរ៉ុបបោះឆ្នោតជ្រើសតាំងជាថ្មី ឱ្យកាន់តំណែងប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទីពីររយៈពេល ៥ឆ្នាំ ជាមួយនឹងសម្លេងគាំទ្រ ៤០១ និង ២៨៤ប្រឆាំង នៅក្នុងការបោះឆ្នោតសម្ងាត់នៅក្នុងសភាដែលមានសមាជិក ៧២០រូប នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបោះឆ្នោតនេះបានធ្វើឡើង ក្រោយពេលលោកស្រីបានថ្លែងសុន្ទរកថាសង្កត់ធ្ងន់ លើគោលនយោបាយសំខាន់ៗមួយចំនួន រួមមានការបង្កើត «សហភាពការពារជាតិអឺរ៉ុប» ដើម្បីពង្រឹងសមត្ថភាពការពាររបស់ទ្វីបនេះ ការបន្តកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរទៅរកបៃតង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រឧស្សាហកម្មអឺរ៉ុបឱ្យរក្សាការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។
ការបោះឆ្នោតជ្រើសតាំងលោកស្រី von der Leyen ជាថ្មីនេះ ធ្វើឡើងក្នុងបរិបទដ៏ស្មុគស្មាញ ដែលសហភាពអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានសង្គ្រាមនៅអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ច ការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំង ជាពិសេសជាមួយចិន និងការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រី von der Leyen ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជាពិសេស លោកស្រីបានប្តេជ្ញាថានឹងធ្វើការយ៉ាងសកម្មដើម្បីគាំទ្រអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៅអឺរ៉ុប៕