(ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong ដែលមានវ័យ៨០ឆ្នាំ នឹងសម្រាកពីការងារមួយរយៈពេល ដើម្បីផ្តោតលើសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។
បក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ប្រធានាធិបតីវៀតណាម លោក To Lam នឹងឡើងជាមេដឹកនាំស្តីទី ដើម្បីដឹកនាំការងាររបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋានរបស់បក្ស ស្របពេលលោក Trong នឹងផ្តោតទៅលើ ការតាមដាននិងព្យាបាលសុខភាពសកម្មជាងមុខ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ ចំណែក តំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។
គួរបញ្ជាក់ថា លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយលោកក៏បានកាន់តួនាទីជាប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។ អាយុកាន់តែច្រើន និងការថយចុះសុខភាព របស់លោក Trong បានបង្កឱ្យមានការសន្និដ្ឋានមួយចំនួនថា រូបលោកប្រហែលជានឹងមិនអាច នៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ ហើយត្រូវបានរំពឹងថា នឹងតែងតាំងអ្នកបន្តវេនពីលោក៕