(បាងកក)៖ ក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សប្តាហ៍ក្រោយរដ្ឋាភិបាលថៃ នឹងជួបជាមួយបណ្តាធនាគារពាណិជ្ជ ក៏ដូចជាទីភ្នាក់ងាររដ្ឋ ដើម្បីស៉ើបអង្កេតទៅលើប្រតិបត្តិការ ដែលត្រូវបានចោទប្រកាន់ថាមានការប្រើ សម្រាប់យកទិញអាវុធដោយរបបសឹកមីយ៉ាន់ម៉ា ព្រមទាំងជំរុញឱ្យមាន ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។
តំណាងខាងធនាគារក្នុងប្រទេសថៃ បានប្រាប់គណៈកម្មាធិការសភា កាលពីសប្តាហ៍មុនថា ពួកគេបានអនុវត្តតាមបទប្បញ្ញត្តិហើយ ប៉ុន្តែខ្វះសមត្ថភាពក្នុងការស៉ើបអង្កេតលើប្រតិបត្តិការទាំងឡាយណា ដែលអាចប្រើសម្រាប់ការទិញអាវុធ។ នេះជាការឆ្លើយតបទៅនឹង សេចក្តីរាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលចោទថាមានការផ្ទេរប្រាក់ តាមធនាគារក្នុងស្រុករបស់ថៃ សម្រាប់ការទិញអាវុធនៃរបបសឹកមីយ៉ាន់ម៉ា។
លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់សភាថា កិច្ចប្រជុំរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ នឹងស្នើឱ្យមានការបញ្ជាក់ថាធនាគារ អាចអនុវត្តតាមដំណើរការបានត្រឹមត្រូវ និងធានាបាននូវការត្រួតពិនិត្យលើ ប្រតិបត្តិការរបស់ពួកគេ។ លោក Maris បានបន្ថែមថា ប្រទេសថៃគ្មានគោលនយោបាយគាំទ្រប្រតិបត្តិការធនាគារ ដែលរំលោភសិទ្ធិមនុស្ស ហើយក៏មិនគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសមីយ៉ាន់ម៉ានោះដែរ។
គួរបញ្ជាក់ថា Reuters មិនទាន់ទទួលបានការឆ្លើយតបទេ ពីធនាគារពាណិជ្ជចំនួន ៥ នៅក្នុងប្រទេសថៃ ដែលមានឈ្មោះក្នុងបញ្ជីរបស់ UN ជុំវិញការចោទប្រកាន់នេះ។ ចំណែកអ្នកនាំពាក្យយោធានៃរបបសឹកមីយ៉ាន់ម៉ា ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ នៅថ្ងៃព្រហស្បតិ៍នេះ៕