(ប៉េកាំង)៖ ខែមេសា ឆ្នាំ២០១៨ សន្និបាតអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសហៃណាន បានប្រារព្ធធ្វើនៅក្រុងហៃខូវទីរួមខេត្តហៃណាន។ លោក Xi Jinping មេដឹកនាំកំពូលចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ ពីការគាំទ្រខេត្តហៃណានកសាង តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីនៅកោះទាំងមូល។ ម៉្លោះហើយ ខេត្តហៃណា ក៏បានក្លាយទៅជាគំរូថ្មី នៃការដែលភ្ជាប់កំណែទម្រង់ជាមួយការបើកទូលាយ។
ការបើកទូលាយនិងកំណែទម្រង់ គឺកើតឡើងជាមួយគ្នានិងជំរុញគ្នាទៅវិញទៅមក។ លោក Xi Jinping បានលើកឡើងថា ជំរុញកំណែទម្រង់តាមរយៈការបើកទូលាយ និងការអភិវឌ្ឍ ជាវិធីសាស្រ្តដ៏សំខាន់សម្រាប់ឱ្យការអភិវឌ្ឍរបស់ប្រទេសចិន ទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ។ លោកបានគូសបញ្ជាក់សាចុះសាឡើងថា ការបើកទូលាយនាំមកនូវការរីកចម្រើន ហើយការបិទខ្ទប់ប្រាកដជានឹងនាំមកនូវភាពអន់ថយ។
ក្នុងនាមជាអរិយធម៌តែមួយគត់ក្នុងលោក ដែលអភិវឌ្ឍរហូតដល់បច្ចុប្បនុ្នតាមទម្រង់ប្រទេសជាតិ អរិយធម៌ចិនបានទទួលយក និងរួមបញ្ចូលគ្នាជាមួយអរិយធម៌ផ្សេងៗ លើសាកលលោក។ ការទទួលយកនិងរួមបញ្ចូលគ្នាជាមួយអរិយធម៌ផ្សេងៗ គឺជាពុទ្ធិចិនតាំងពីបុរាណកាលដល់បច្ចុប្បន្នកាល។ ពុទ្ធិបុរាណបែបនេះបានបង្កើតជា ទឹកចិត្តធំទូលាយរបស់ប្រជាជនចិន។ ពីការបើកទូលាយដែលចាប់ផ្តើមកាលពីឆ្នាំ ១៩៧៨ រហូតដល់ការបើកទូលាយគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី សុទ្ធតែបានបង្ហាញពីកម្លាំងអនុវត្តជាក់ស្តែងដ៏មហិមា នៃទឹកចិត្តធំទូលាយដែលទទួលយកនិងរួមបញ្ចូលគ្នា ជាមួយអរិយធ៌ម៌ផ្សេងៗ។
សមាជិកបក្សកុម្មុយនីស្តចិនដែលមានលោក Deng Xiaoping ជាតំណាងបានប្រែកា្លយទឹកចិត្តធំទូលាយបែបនេះ ជាគំនិតអភិបាលកិច្ចស្តីពីការបើកទូលាយចំពោះបរទេស ហើយបានកំណត់វាជាគោលនយោបាយជាតិ ជាមូលដ្ឋានមួយរបស់ចិន។ ក្រោយពីការអនុវត្តជាក់ស្តែង អស់រយៈពេលជាង ៣០ឆ្នាំ ការបើកទូលាយចំពោះបរទេសរបស់ចិន ទទួលបានសមិទ្ធផលដែលពិភពលោកត់សម្គាល់។
តាំងពីឆ្នាំ ២០១២ មក លោក Xi Jinping បានបន្តវេននូវទឹកចិត្តធំទូលាយបែបនេះ ដោយលើកឡើងនូវគំនិតច្នៃប្រឌិតថ្មី ស្តីពីការអភិវឌ្ឍតាមរយៈការបើកទូលាយ។ លោកបានចង្អុលបង្ហាញថា ការបើកទូលាយចំពោះបរទេសរបស់ចិន គឺគ្រប់ជ្រុងជ្រោយនិងគ្រប់វិស័យ ត្រូវជំរុញឱ្យបង្កើតជានិម្មាបនកម្មថ្មី នៃការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ។
ការកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយ ជាការអនុវត្តមួយដែលប្រកបដោយលក្ខណៈបង្កើតថ្មី ក្នុងចំណោមគំនិតស្តីពី ការអភិវឌ្ឍ តាមរយៈការបើកទូលាយរបស់លោក Xi Jinping។ លោកបានខិតខំពុះពារឧបសគ្គផ្នែកប្រព័ន្ធ និងយន្តការ ពន្លឿនការកសាងតំបន់ពិសោធន៍ខាងពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីដើម្បីជំរុញការច្នៃប្រឌិតថ្មី ដោយរួមបញ្ចូលគ្នា ខាងប្រព័ន្ធនិងរបប។ តាំងពីឆ្នាំ២០១៣ មក ប្រទេសបានបង្កើតតំបន់ ពិសោធន៍ខាងពាណិជ្ជកម្មសេរីចំនួន ២២ដោយចែកជា ៦ លើកដែលបានបង្កើតនិម្មាបនកម្មថ្មី នៃកំណែទម្រង់និងបើកទូលាយ ដែលគ្របដណ្តប់ភាគខាងកើត ខាងលិច ខាងត្បូង
ទឹកចិត្តធំទូលាយរបស់លោក Xi Jinping ក៏បានបង្ហាញតាមរយៈនិម្មាបនកម្មដ៏មហិមា ដែលលើកកម្ពស់ ការបើកទូលាយរបស់ចិន ឱ្យរួមចំណែកដល់ការជំរុញ ការបើកទូលាយរួមគ្នារបស់ប្រទេសនានាលើពិភពលោក។ លោកបានថ្លែងថា ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតឆា្ងយពីពិភពលោកនោះទេ ហើយវិបុលភាពរបស់ពិភពលោកក៏ត្រូវការចិនផងដែរ។
តាំងពីចូលយុគសម័យថ្មីមក ប្រទេសចិនបានចូលរួមយ៉ាងសកម្ម នូវអភិបាលកិច្ចសេដ្ឋកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតជា កម្លាំងរួមនៃការបើកទូលាយរួមជាសកល។ ពោលគឺគាំពារយ៉ាងមុតមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញសេរីភាពនិង កិច្ចសម្រួលខាងពាណិជ្ជកម្ម ប្រឆាំងយ៉ាងដាច់ខាតចំពោះឯកតោភាគីនិងការគាំពារនិយម, ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអនុតំបន់ ចូលរួមយន្តការសហប្រតិបត្តិការ ក្នុងតំបន់ដូចជាអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ ដូចជាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្ជាដើមមានភាពស៊ីជម្រៅឥតឈប់ឈរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ល។
តាំងពីចូលយុគសម័យថ្មីមក គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការសំខាន់ស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដែលលើកឡើងដោយលោក Xi Jinping បានពង្រីកចំណុចប្រសព្ធនៃផលប្រយោជន៍ របស់បណ្តាប្រទេសនានា លើពិភពលោក។ ពោលគឺ ប្រទេសចំនួនជាង ១៥០ និងអង្គការអន្តរជាតិចំនួនជាង ៣០ បានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ" ជាមួយចិន, គម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ គម្រោង បានបង្កើតឱកាសការងារចំនួន ៤២ ម៉ឺននាក់ដល់ប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ធ្វើឱ្យមនុស្សចំនួន ៤ លាននាក់ចេញផុតពីភាពក្រីក្រ, បានបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគសម្រាប់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ជាបន្តបន្តាប់ ក៏ដូចជាបានរៀបចំពិព័រណ៍ មានលក្ខណៈតំបន់មួយចំនួន ដូចជាពិព័រណ៍នាំចេញនាំចូលអន្តរជាតិចិន ពិព័រណ៍ផលិតផលនាំចេញនាំចូលចិន (ក្វាំងចូវ) និងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មជាដើម។
លោក Xi Jinping បានលើកឡើងថា ការបើកទូលាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ និងជាផ្លូវឆ្លងកាត់ដ៏ចាំបាច់សម្រាប់វិបុលភាព និងវឌ្ឍនភាពពិភពលោក។ មានបទវិភាគបានអះអាងថា និម្មាបនកម្មថ្មីដែលពិភពលោកទាំងមូល ធ្វើកិច្ចសហប្រតិបត្តិឈ្នះ-ឈ្នះ ដែលដឹកនាំនិងត្រួសត្រាយដោយលោក Xi Jinping សម្រេចបាននូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ របស់បក្សកុម្មុយនីស្តចិន ដែលប្តូរពីការដឹកនាំការបើកទូលាយរបស់ចិន ទៅជាការជំរុញឱ្យបណ្តាប្រទេសនានាលើពិភពលោករួមគ្នាបើកទូលាយ ដែលបានបំពេញបន្ថែមភាពរស់រវើក សម្រាប់ការអភិវឌ្ឍនៃពិភពលោកទាំងមូល៕
វិទ្យុមិត្តភាពកម្ពុជាចិន