(គួឡាឡាំពួ)៖ ទីប្រឹក្សារបស់លោក Mahathir Mohamad បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមានវ័យជិត១០០ឆ្នាំរូបនេះ ទើបតែបានចូលសម្រាក នៅមន្ទីរពេទ្យជាថ្មីម្តងទៀត ក្រោយលោកមានអាការក្អកឥតឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ទីប្រឹក្សារបស់លោក Mahathir គឺលោក Sufi Yusoff បានប្រាប់ថា លោក Mahathir បានចូលសម្រាកនៅមន្ទីរពេទ្យ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយត្រូវបានរំពឹងថា នឹងបន្តទទួលការព្យាបាលនៅទីនោះ សម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត។ លោក Mahathir ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបបញ្ហាផ្នែកបេះដូងប៉ុន្មានលើក ហើយក៏បានឆ្លងកាត់ ការវះកាត់ផងដែរ។ លោកទើបតែឈានចូលអាយុ៩៩ឆ្នាំ កាលពីសប្តាហ៍មុន។ នាពេលកន្លងទៅក្នុងឆ្នាំនេះ លោកធ្លាប់សម្រាកនៅមន្ទីរពេទ្យជិត៣ខែ។
គួរបញ្ជាក់ថា លោក Mahathir ធ្លាប់កាន់តួនាទីជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ីចំនួន២លើក។ លើក១ លោកបានកាន់តំណែង ក្នុងនាមជានាយករដ្ឋមន្រ្តីទី៤ របស់ប្រទេសអាស៊ានមួយនេះ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ លោក Mahathir បានត្រឡប់មកកាន់តំណែងនាយករដ្ឋមន្រ្តីជាលើកទី២ ក្នុងវ័យ៩២ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០៕