(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថារូបលោកមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BET News ដែលត្រូវបានថតកាលពីថ្ងៃអង្គារ និងចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ នៅពេល ត្រូវបានសាកសួរថាតើមានលក្ខខណ្ឌអ្វីដែលអាចជំរុញឱ្យលោកពិចារណាដកខ្លួនពីការប្រកួត លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំមានបញ្ហាសុខភាពណាមួយ ហើយ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំពិតមានបញ្ហាសុខភាពប្រាកដមែន»។
នេះគឺជាលើកទី១ដែលលោក បៃដិន បាននិយាយដោយបើកចំហពីបញ្ហាដែលអាចបង្ខំឱ្យលោកពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួត។ លោក បៃដិន នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News មួយសប្ដាហ៍ក្រោយធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីចុងខែមិថុនា បានច្រានចោលការអំពាវនាវឱ្យលោកដកខ្លួន ដោយនិយាយថាមានតែព្រះទេដែលអាចបង្ខំឱ្យរូបលោកដកខ្លួនពីការប្រកួត។ ជាថ្មីម្ដងទៀត កាលពីសប្ដាហ៍មុន លោកបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានជាមួយការសង្កត់ធ្ងន់ថា លោកអាចនឹងបោះបង់ចោលការប្រកួត ប្រសិនបើមន្ត្រីជំនិតរបស់លោកបង្ហាញភស្តុតាងថាលោកនឹងមិនអាចយកឈ្នះលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខបានទេ។
គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក ចូ បៃដិន ជាមួយ BET News ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក ចូ បៃដិន ត្រូវបានសេតវិមានបញ្ជាក់ថាបានឆ្លងកូវីដ១៩ អំឡុង ធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Las Vegas កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ លោកមានរោគសញ្ញាស្រាល ហើយកំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់លោកក្នុងរដ្ឋ Delaware និងបន្តធ្វើកិច្ចការជាធម្មតាពីចម្ងាយ៕