(Las Vegas សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឆ្លងកូវីដ១៩ អំឡុងធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Las Vegas កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា តែលោកមានរោគសញ្ញាស្រាលប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសេតវិមានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ថា «នៅព្រឹកថ្ងៃនេះ (ថ្ងៃពុធ) បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ដំបូង របស់លោកក្នុងទីក្រុង Las Vegas លោកប្រធានាធិបតី បៃដិន ត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩»។ លោកស្រីបន្ថែមថាលោក បៃដិន បានចាក់វ៉ាក់សាំង និងវ៉ាក់សាំងដូសជំរុញ ហើយមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ លោកបានត្រឡប់ទៅកាន់ផ្ទះរបស់លោកក្នុងរដ្ឋ Delaware ជាទីដែលលោកនឹងត្រូវធ្វើចត្តាឡីស័ក និងបន្តធ្វើកិច្ចការជាធម្មតាពី ចម្ងាយ។
ព្រមពេលជាមួយគ្នាដែរ នៅមុនពេលឡើងជិះយន្ដហោះ Air Force លោក បៃដិន មានអាយុ ៨១ឆ្នាំ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំមានអារម្មណ៍ល្អធម្មតា»។
គួរបញ្ជាក់ថា កន្លងមក លោក ចូ បៃដិន ក៏ធ្លាប់បានឆ្លងកូវីដ១៩ផងដែរ ក្នុងនោះលើកទី១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ និងជាសះស្បើយនៅថ្ងៃទី២៧ ខែកក្កដា តែបានលាប់ឡើងវិញនៅថ្ងៃទី៣០ ខែកក្កដា មុនជាសះស្បើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំដដែលនោះ។ ការឆ្លងកូវីដ១៩របស់លោក បៃដិន នៅលើកនេះ កើតឡើងចំពេលមាន ការព្រួយបារម្ភកាន់តែខ្លាំងពីវ័យចំណាស់របស់លោក និងខណៈលោកផ្ទាល់កំពុងប្រឈមមុខនឹងសម្ពាធ ក៏ដូចជាការអំពាវនាវពីក្រុមអ្នកប្រជាធិបតេយ្យមួយចំនួនឱ្យរូបលោក ដកខ្លួនពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ បន្ទាប់ពីលោកធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីចុងខែមិថុនា កន្លងទៅ៕