(ញូវដេលី)៖ នៅពេលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានជួបជាមួយមេដឹកនាំពិភពលោកជាបុរស ការឱបគ្នាតែងតែកើតឡើងដោយចៀសមិនរួច។ ក៏ប៉ុន្តែការឱបគ្នារបស់លោក កាលពីសប្ដាហ៍មុន ជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ បានបង្កឱ្យមានការរិះគន់ជាសាធារណៈទាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ។ ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយជាហូរហែរក្នុងពេលជាច្រើនថ្ងៃ ក្រុមមន្ត្រីអាមេរិកបានរិះគន់ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់រុស្ស៉ីជាលើកដំបូងចាប់តាំងពីលោក ពូទីន ធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនកាលពី ខែកុម្ភៈ ឆ្នាំ២០២២មក។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានក្រើនរំឮកថាទំនាក់ទំនងរឹងមាំជាមួយរុស្ស៉ីគឺជាជម្រើសមិនល្អមួយសម្រាប់ឥណ្ឌា។ រីឯ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ី ខណៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងញូវដេលី លោក Eric Garcetti បានព្រមានទីក្រុង ញូវដេលី ថាមិនអាចដើរខ្សែលើ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបាននោះឡើយ។ ដោយឡែក លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គីវិញបានចេញមុខរិះគនចំៗតែម្ដង។ លោក បានទាញភ្ជាប់ការវាយប្រហារដោយមីស៊ីលដ៏ប្រល័យមួយរបស់រុស្ស៉ីត្រូវចំមន្ទីរពេទ្យកុមារដ៏ធំមួយរបស់អ៊ុយក្រែន ទៅនឹងដំណើរទស្សនកិច្ចនៅរុស្ស៉ីរបស់លោក ម៉ូឌី។ «វាជារឿងមួយគួរឱ្យ សោកស្ដាយក្រៃលែង និងជាការបំផ្លាញយ៉ាងធ្ងន់ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដែលបានឃើញមេដឹកនាំប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក ឱបគ្នាជាមួយឧក្រិដ្ឋជនដ៏ឃោរឃៅបំផុត នៅលើពិភពលោក ក្នុងទីក្រុងមូស្គូ នៅថ្ងៃបែបនេះ»។ នេះជាការសរសេររៀបរាប់របស់លោក ហ្សេលេនស្គីនៅលើបណ្ដាញទំនាក់ទំនងសង្គម X។
ដូច្នេះថាតើឥណ្ឌាគិតខុសពីភូមិសាស្ត្រនយោបាយនៃដំណើរទស្សនកិច្ចរបស់លោក ម៉ូឌីឬ? ហើយថាតើដំណើរទស្សនកិច្ចទៅកាន់មូស្គូ និងការបង្ហាញពីភាពស្និទ្ធស្នាលជាសាធារណៈទៅកាន់ លោក ពូទីន អាចនឹងបំផ្លាញទំនាក់ទំនងរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា?
* មិត្តរបស់ខ្ញុំ ដូណាល់ ត្រាំ
កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា នៅបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក និងបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania បណ្ដាមេដឹកនាំពិភពលោកជាច្រើនបានបញ្ចេញប្រតិកម្មរៀងៗខ្លួន។ នៅក្នុងចំណោមមេដឹកនាំទាំងនោះ ក៏មានលោក ម៉ូឌីដែរ ដែលបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការថ្កោលទោសការវាយប្រហារនេះ និងបានហៅលោក ត្រាំថាជា «មិត្តរបស់ខ្ញុំ»។ សព្វថ្ងៃ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន នៅក្នុងការស្ទង់មតិជាច្រើននៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់លោក ត្រាំ ក៏កំពុងហក់ឡើងផងដែរ ក្រោយលោករងរបួសចំស្លឹកត្រចៀក ក្នុងការប៉ុនប៉ងធ្វើឃាតរូបលោកមិនបានសម្រេច។ ក្រុមមន្ត្រីឥណ្ឌាក្នុងជួររដ្ឋាភិបាលរបស់លោក ម៉ូឌី ច្រើនឡើងៗត្រូវបានរាយការណ៍ថាកាន់តែមានជំនឿចិត្តថាលោក ត្រាំ អាចនឹងត្រូវទៅអង្គុយ កៅអីសេតវិមានសាជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ។
សម្រាប់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយខ្លះ ដូចជាលោក Christopher Clary មកពីកម្មវិធីអាស៊ីខាងត្បូងនៃវិទ្យាស្ថាន Stimson Center មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន លោក ម៉ូឌី ប្រហែលជាកំពុងផ្សង ហើយអាចនឹងសប្បាយចិត្ត ប្រសិនបើលោក ត្រាំ ពិតជាត្រឡប់មកដឹកនាំសហរដ្ឋអាមេរិកវិញនោះ។ អ្នកជំនាញរូបនេះពន្យល់ថារឿងមួយដែលឥណ្ឌាចង់បានពីលោក ត្រាំ នោះគឺចង់ឱ្យបន្ធូរបន្ថយសម្ពាធបង្ខំឱ្យទីក្រុងញូវដេលីដកខ្លួនឱ្យឆ្ងាយចេញពីរុស្ស៉ី។ តាមលោក Christopher Clary អាណត្តិទី២ណាមួយរបស់លោក ត្រាំ សឹងតែប្រាកដណាស់ថាលោកនឹងមិនសូវ ខ្វាយខ្វល់ពីទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌានោះទេ ព្រោះលោកផ្តោតលើចិនខ្លាំងជាង។ កាលពីអាណត្តិទី១ជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយ ទី១ របស់សហរដ្ឋអាមេរិក ហើយដែលការមើលឃើញបែបនេះគឺស៊ីគ្នាទៅនឹងទស្សនយល់ឃើញរបស់ឥណ្ឌាដែរ នោះគឺញូវដេលីចាត់ទុកចិនជាការគំរាមកំហែងចម្បងរបស់ខ្លួន។
* តើឥណ្ឌាបានដើរឆ្លង «បន្ទាត់ក្រហម» ហើយ ឬ?
ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នៅរុស្ស៉ី បានកើតឡើងចំពេលឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងរកាំរកូសនឹងគ្នាលើបញ្ហាមួយចំនួន។ តួយ៉ាង រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ភ្នាក់ងារម្នាក់របស់ រដ្ឋាភិបាលឥណ្ឌាថាបានព្យាយាមរៀបចំផែនការសម្លាប់មេដឹកនាំ Sikh ម្នាក់ឈ្មោះ Gurpatwant Singh Pannun ជាពលរដ្ឋអាមេរិក និងកាណាដា។ កាលពីខែមិថុនា រដ្ឋាភិបាលឆែក បានធ្វើ បត្យាប័នបុរសឥណ្ឌាម្នាក់ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានរដ្ឋអាជ្ញាអាមេរិកអះអាងថាបានជួលឃាតកស៊ីឈ្នួលម្នាក់ឱ្យធ្វើការ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងញូវដេលី លោក Eric Garcetti ក្នុងការអត្ថាធិប្បាយរបស់លោក ក្នុងទីក្រុង Kolkata បានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌា ខណៈអង្គការសិទ្ធិមនុស្ស អន្តរជាតិជាច្រើន បានចោទប្រកាន់រដ្ឋាភិបាលលោក ម៉ូឌីថាបានគាបសង្កត់ និងធ្វើទុក្ខបុកម្នេញជាលក្ខណៈប្រព័ន្ធលើអ្នកនយោបាយប្រឆាំង។
តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគជឿថាឥណ្ឌា និងលោក ម៉ូឌី មានសន្លឹកបៀរធំៗជាច្រើននៅក្នុងដៃ ដើម្បីរក្សាទំនាក់ទំនងជាមួយលោកខាងលិច ជាពិសេសគឺជាមួយសហរដ្ឋអាមេរិក។ លោក Christopher Clary បាននិយាយថាជាការពិតណាស់ សហរដ្ឋអាមេរិកមិនសប្បាយចិត្តទាល់តែសោះដែលបានឃើញលោក ម៉ូឌី ឱបលោក ពូទីន។ ប៉ុន្តែមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនង រវាងឥណ្ឌា និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ខ្លាំងជាង ពោលទស្សនកិច្ចរបស់លោក ម៉ូឌី មិនអាចធ្វើឱ្យមូលដ្ឋានយុទ្ធសាស្ត្រនេះរង្គោះរង្គើរឡើយ។
គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃ មុនឡើងជិះយន្ដហោះទៅកាន់ទីក្រុងមូស្គូ លោក ម៉ូឌី បានសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដឹកនាំដោយចិន និងរុស្ស៉ី នោះទេ។ ទីក្រុងញូវដេលី ក៏ត្រូវបានគេរំពឹងដែរថានឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូល Quad ក្នុងឆ្នាំ២០២៤នេះ។ ចិនបានចាត់ទុក Quad ជាប្លុកមួយដែលមានសមាជិកដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដើម្បីប្រជែងនឹងការកើនឡើងឥទ្ធិពលរបស់ខ្លួន។ លើសពីនេះទៅទៀត នៅប៉ុន្មានខែខាងមុខ ទីក្រុង Kazan របស់រុស្ស៉ីនឹងត្រូវរៀបចំកិច្ចប្រជុំកំពូល BRICS ដែលមានឥណ្ឌាជាសមាជិកដែរ។ ថាតើលោក ម៉ូឌី អាចនឹងត្រឡប់ទៅកាន់រុស្ស៉ីវិញជាលើកទី២ ក្នុងរយៈពេលត្រឹមតែ៣ខែ ឬក៏ថាតើលោកនឹងអវត្តមានដែរឬក៏អត់ អាចនឹងបញ្ជាក់ថាបាន តើឥណ្ឌាចង់ដើរដល់ណា ក្នុងការធ្វើតេស្ដលើទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក? តែក្នុងពេលឥលូវ អ្វីដែលគេអាចនិយាយថាបានគឺទាំងឥណ្ឌា និងសហរដ្ឋអាមេរិកដឹងច្បាស់ជាងនរណាៗ ទាំងអស់ថាពួកគេត្រូវការគ្នាទៅវិញទៅមក ដើម្បីទប់ទល់ជាមួយចិន ឬអាចនិយាយមួយបែបទៀតបានថាទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា នឹងមិនខូចខាតដោយសារគ្រាន់តែការឱបគ្នារវាងលោក ម៉ូឌី និងលោក ពូទីន នោះទេ៕