(ព្យុងយ៉ាង)៖ មន្ត្រីកូរ៉េខាងជើងម្នាក់ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ត្រូវបានរាយការណ៍ថា បានលង់ទឹកស្លាប់នៅក្នុងស្រះមួយនៅជាយក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
សារព័ត៌មានរុស្ស៊ីបានកំណត់អត្តសញ្ញាណជនរងគ្រោះថា មានឈ្មោះ Kim Geum Chol ដែលជាឈ្មោះដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងថា ជាអ្នកដឹកនាំគណៈប្រតិភូហ្វឹកហ្វឺនយោធា ទៅកាន់ប្រទេសរុស្ស៊ី។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកក្កដា នៅក្នុងស្រះហែលទឹកសាធារណៈមួយនៅក្នុងទីក្រុង Zelenograd ដែលជាទីក្រុងមួយដែលមានចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីភាគពាយ័ព្យនៃទីក្រុងម៉ូស្គូ។
ស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងម៉ូស្គូមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីបញ្ជាក់ពីការស្លាប់ និងអត្តសញ្ញាណរបស់លោក Kim នោះទេ។
គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូបានធ្វើការផ្លាស់ប្តូរការទស្សនកិច្ចជាផ្លូវការរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កើនការព្រួយបារម្ភពីទំនាក់ទំនងយោធាកាន់តែស្អិតរមួតរវាងប្រទេសទាំងពីរ។៕