(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារឱ្យមកសហរដ្ឋអាមេរិក ក្នុងបទសម្ភាសមួយ ដែលបានជះភាពស្រពេចស្រពិល លើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងកិច្ចសម្ភាសជាមួយ Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានសាកសួរថា តើរូបលោកនឹងការពារ កោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបដូច្នេះថា «ពួកគេ (តៃវ៉ាន់) បានយកប្រហែល១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ដូច្នេះហើយ ខ្ញុំយល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញ សម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់មិនបានផ្តល់អ្វីឱ្យយើងសោះ»។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ ស្របពេលទីក្រុងវ៉ាស៉ីនតោន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយនោះ សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់ទីក្រុងតៃប៉ិ។ កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិកបានអនុម័តកញ្ចប់ជំនួយយោធា ទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិន នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕