(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឱ្យដឹងនាថ្ងៃពុធនេះថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានសំងំបង្កប់មីនថ្មីៗ ប្រហែលខ្ទប់រាប់ម៉ឺនគ្រាប់ នៅតាមបណ្តោយព្រំប្រទល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ទោះបីប្រឈមលក្ខខណ្ឌអាកាសធាតុអាក្រក់ក៏ដោយ យោធាកូរ៉េខាងជើង បានខិតខំបង្កប់គ្រាប់មីននិងដំឡើងរនាំងការពារ នៅតាមបណ្តោយព្រំដែន ខណៈមីនដែលត្រូវបានបង្កប់ថ្មីៗ គឺបើតាមការប៉ាន់ស្មានមានចំនួនប្រហែលខ្ទង់រាប់ម៉ឺនគ្រាប់។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តថា អំឡុងកិច្ចប្រឹងប្រែងពង្រឹងការការពារព្រំប្រទល់នោះ មានហេតុការណ៍ផ្ទុះគ្រាប់មីន យ៉ាងហោចណាស់ក៏១០លើកដែរ ដែលជាលទ្ធផលបង្កឱ្យមានការបាត់បង់ជីវិត ក្នុងចំណោមកងទ័ពកូរ៉េខាងជើង។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ កំពុងស្ថិតក្នុងចំណោមដ៏ដុនដាបបំផុតមួយ ក្រោយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវចម្បងក្នុងឆ្នាំនេះ។ យោងតាមការឱ្យដឹងកន្លងមកពីសំណាក់ទីក្រុងសេអ៊ូល ទាហានកូរ៉េខាងជើង បានបំពានខ្សែបន្ទាត់ព្រំដែនជាច្រើនដង ក្នុងពេលប៉ុន្មានខែមកនេះ ប៉ុន្តែសកម្មភាពទាំងនោះ ទំនងជាទង្វើកើតមានដោយអចេតនា អំឡុងកិច្ចប្រឹងប្រែងពង្រឹងព្រំប្រទល់៕