(ដាក្កា)៖ ប្រទេសបង់ក្លាដែស នឹងប្រកាសពីការបិទសាកលវិទ្យាល័យទាំងសាធារណៈ និងឯកជនចាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ការវ៉ាដោយសិស្សនិស្សិត ដើម្បីទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល ក្លាយជាអំពើហិង្សា ដែលបណ្តាលឱ្យមានមនុស្សស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។
ប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍មួយនេះ បានូវរងការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព សម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។ ការណ៍នេះ បានបង្កការខឹងសម្បារដល់ សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់។
អាជ្ញាធរបានដាក់ពង្រាយប៉ូលិសកុបកម្ម ជាមួយនិងកងកម្លាំងការពារព្រំដែនបង់ក្លាដែស នៅតាមបរិវេណសាកលវិទ្យាល័យ ទូទាំងប្រទេស ដើម្បីរក្សាសណ្តាប់ធ្នាប់។ កាលពីយប់ថ្ងៃអង្គារនេះ គណៈកម្មការគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា បានបញ្ជាឱ្យសាកលវិទ្យាល័យនានាបិទទ្វារ និងណែនាំដល់និស្សិតឱ្យចាកចេញពីបរិវេណសាលាជាបន្ទាន់ សម្រាប់ហេតុផលសុវត្ថិភាព។ ដោយឡែក ថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀតក៏តម្រូវឱ្យបិទទ្វារផងដែរ។ ប៉ូលិសនិយាយថា មនុស្ស ៦នាក់ក្នុងនោះជានិស្សិត ៣នាក់បានស្លាប់អំឡុងពេលប៉ះទង្គិចគ្នា។ បើតាម លោក Nahid Islam អ្នកសម្របសម្រួលការតវ៉ាប្រឆាំងកូតាការងារ ក្រុមនិស្សិតគ្រោងធ្វើពិធីដង្ហែដោយកាន់មឈូស នៅថ្ងៃពុធនេះ ជាការបង្ហាញសាមគ្គីភាពជាមួយអ្នកស្លាប់។
គួរបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ាភាគច្រើនជានិស្សិត និងក្រុមអ្នកមានភក្តីភាពជាមួយគណបក្សកាន់អំណាចគឺ គណបក្សជាតិនិយមបង់ក្លាដែស (BNP)។ កាលពីយប់ថ្ងៃអង្គារ ប៉ូលិសបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់បក្សប្រឆាំង ក្នុងទីក្រុងដាក្កា (Dhaka) ហើយចាប់ខ្លួនសកម្មជន ៧នាក់ រួមទាំងអតីតមេដឹកនាំក្រុមនិស្សិតម្នាក់។ ប៉ូលិសរកឃើញគ្រាប់បែកដៃ ១០០គ្រាប់ និងដបសាំងជាច្រើនអំឡុងការឆ្មក់បង្រ្កាបដែលធ្វើឡើង បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងត្រូវបានដុតបំផ្លាញ នៅក្បែរការិយាល័យគណបក្ស BNP៕