(មូស្គូ)៖ ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងអំណរគុណដល់កងកម្លាំងរុស្ស៉ីសម្រាប់ការដណ្តើមយកបានភូមិ Urozhaine ក្នុងតំបន់ Donetsk ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិរុស្ស៉ីអះអាងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិជាច្រើន នៅក្នុងតំបន់ Donetsk គិតចាប់តាំងពីការដណ្តើមបានទីក្រុងយុទ្ធសាស្ត្រ Avdiivka កាលពីខែកុម្ភៈ។ Donetsk គឺជាចំណុចស្នូលឆ្ពោះទៅមុខសន្សឹមៗ កាត់តាមភាគខាងកើតអ៊ុយក្រែនលើចម្ងាយផ្លូវ ១,០០០គីឡូម៉ែត្រ ហើយកាលពីចុងសប្តាហ៍មុន កងកម្លាំងរុស្ស៉ីបានចូលគ្រប់គ្រងភូមិ Urozhaine នៅក្នុងតំបន់នោះទៀត។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានឡើយ ខណៈភាគីអ៊ុយក្រែននៅមិនទាន់មានបញ្ជាក់ជាផ្លូវការទេ មកទល់នឹងពេលនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី «ដោយការបូកសរុបរបាយការណ៍ លោក Gerasimov បានកត់សម្គាល់ពីភាពជោគជ័យរបស់ក្រុមភាគខាងកើត ហើយកំណត់ភារកិច្ចសកម្មភាពថ្មីបន្ថែមទៀត»។
គួរបញ្ជាក់ថា ភូមិ Urozhaine ធ្លាប់ត្រូវយកងកម្លាំងរុស្ស៉ីកាន់កាប់ នៅដើមទីនៃសង្រ្គាម ក្នុងខែកុម្ភៈឆ្នាំ ២០២២ ប៉ុន្តែអ៊ុយក្រែនដណ្តើមបានមកវិញកាលពីឆ្នាំ ២០២៣៕