(វ៉ាស៊ីនតោន)៖ ពិភពលោកបានប្រតិកម្មជុំវិញករណីប៉ុនប៉ងធ្វើឃាតលើរូបលោកដូណាល់ត្រាំ ខណៈអាជ្ញាធរ អាមេរិកកំពុងប្រមូលឯកសារនិងភស្ថុតាងនានាទាំងអស់ដើម្បីប្រគល់ឱ្យស្ថាប័នសភាតំណាងរាស្ត្រអាមេរិកដើម្បីធ្វើការបកស្រាយអាថ៌កំបាំងដែលគេកំពុងចង់ដឹងគ្រប់ៗគ្នានេះ។
អំពើបាញ់ប្រហារដាក់មកលើលោកដូណាល់ត្រាំ ត្រូវបានឮខ្ទរខ្ទារជុំវិញពិភពលោក។ បណ្តា មេដឹកនាំប្រទេសលើសកលលោកបានធ្វើប្រតិកម្មផ្សេងៗគ្នាចំពោះអំពើប៉ុនប៉ងសម្លាប់លោក ដូណាល់ត្រាំនោះ។
ប្រតិកម្មប្រឆាំងនឹងអំពើហិង្សាក្នុងសហរដ្ឋអាមេរិកដែលអួតអាងថាជាបិតាលទ្ធិប្រជាធិបតេយ្យ នេះ ត្រូវគេឃើញថា បានធ្វើពីប្រទេសជាច្រើនទាំងប្រទេសដែលជាមិត្តនិងមិនមែនជាមិត្ត របស់សហរដ្ឋអាមេរិកផងដែរ។
លោកដូណាល់ត្រាំត្រូវបានជនសង្ស័យឃាតករអាយុ២០ឆ្នាំ ដែលគ្មានប្រវត្តិជាប់ទាក់ទងនឹង អំពើឧក្រិដ្ឋអ្វីទាំងអស់ បានប៉ុនប៉ងធ្វើឃាតក្នុងពិធីជួបជុំសមាជិកអ្នកគាំទ្រស្ថិតក្នុងក្រុងButler នៃរដ្ឋ Pennsylvania នាល្ងាចថ្ងៃសៅរ៍ទី១៣កក្កដាឆ្នាំ២០២៤។
គ្រាប់កាំភ្លើងវែង AR-15 របស់យុវជនសង្ស័យជាឃាតករ បានហោះជ្រិះមកលើត្រចៀកខាង ស្តាំបណ្តាលធ្វើឱ្យស្បែករបស់លោក រលាត់ហូរចេញឈាម។ លោកដូណាល់ត្រាំត្រូវបានក្រុម មន្ត្រីសម្ងាត់ប្រញាប់គ្រាហ៍ជួយរំដោះខ្លួនចេញពីហេតុការណ៍ក្នុងពេលនោះ។
ខ្មាន់កាំភ្លើង ឈ្មោះ Thomas Matthew Crooks ត្រូវបានក្រុមសម្ងាត់បាញ់សម្លាប់នៅលើដំបូល អគារស្ថិតក្នុងចម្ងាយប្រមាណ១៤០ម៉ែត្រពីទីកន្លែងឈរថ្លែងសុន្ទរកថារបស់លោកដូណាល់ ត្រាំ។
ប្រមាណ៣៨នាទីបន្ទាប់ពីបានជម្លៀសចេញពីទីកន្លែងកើតហេតុរួចមក គ្រោះថ្នាក់បាញ់ប៉ះ នឹងស្បែកត្រចៀកខាងស្តាំរបស់លោកដូណាល់ត្រាំត្រូវបានគេបញ្ជាក់មកវិញឱ្យដឹងថាលោក ចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។ អំពើប៉ុនប៉ងឃាតកម្មមិនបានសម្រេចនេះ បាន លាន់ឮរំពងទូទាំងសកល លោក។
ប្រតិកម្មក្នុងរង្វង់ក្រុមសម្ព័ន្ធមិត្តអាមេរិកផ្តើមពីប្រទេសកាណាដា, នាយករដ្ឋមន្រ្តី Justin Trudeau បានសរសេរបង្ហោះនៅលើ បណ្តាញសង្គម X បញ្ជាក់ថាលោក«ស្អប់ណាស់នូវអំពើបាញ់ប្រហារ»។ លោកថា«អំពើហឹង្សា នយោបាយមិនអាចទទួលយកបានឡើយ»។ ពីប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Anthony Albanese បានហៅឧប្បត្តិហេតុនោះថា "ក្តីបារម្ភ និងជាអំពើប្រឈមមុខ" ខណៈនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា «មិនត្រូវឱ្យមានប្រទេសណា ប្រឈមនឹងអំពើហិង្សានយោបាយបែប នេះឡើយ»។
ចំណែកបណ្តាមេដឹកនាំអឺរ៉ុបនានា ក៏បានប្រញាប់ផ្តល់ការគាំទ្រដល់លោក Donald Trump ដែលបានរងរបួសត្រចៀកក្នុងអំពើឃាតកម្មមិនបានសម្រេចនោះផងដែរ។ គួរកត់សម្គាល់ថា អំពើហិង្សានយោបាយនៅមុនដំណាក់កាលការបោះឆ្នោត ក៏ធ្លាប់ត្រូវបានកើតឡើងផងដែរ នៅក្នុងទ្វីបអឺរ៉ុប។ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថាលោក«មានក្តី រន្ធត់នៅក្នុងការឃើញហេតុការណ៍គួរឱ្យតក់ស្លុតនោះ»។
នាយករដ្ឋមន្ត្រីអង់គ្លេសបានសរសេរលើបណ្តាញសង្គម X ថា«អំពើហិង្សានយោបាយគ្រប់ទំ រង់ណាក៏ដោយ មិនត្រូវឱ្យកើតមានក្នុងសង្គមរបស់យើងឡើយ»។ លោកនាយករដ្ឋមន្ត្រីអង់ គ្លេសបានសរសេរបង្ហាញការឈឺឆ្អាលដល់អ្នកស្លាប់និងរបួសក្នុងហេតុការណ៍ថ្ងៃទី១៣ កក្កដា នោះ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសរសេរលើបណ្តាញសង្គម ជូនពរលោក Donald Trump សូមឱ្យ «ឆាប់ជាសះស្បើយ»។ លោក Macron បានសរសេរបន្ថែមថា«ប្រទេសបារាំងចូលរួមរំលែកនូវក្តីរន្ធត់តក់ស្លុតនិង កំហឹងរបស់ប្រជាជនអាមេរិក» ខណៈមេដឹកនាំអាល្លឺម៉ង់លោក Scholz បានសរសេរថា «អំពើហឹង្សាបែបនេះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ»។
ចំណែកនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni វិញ លោកស្រីបានជូនពរសុខភាព ល្អប្រសើរចំពោះលោកដូណាល់ត្រាំ រីឯនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban វិញលោក បានបួងសួងនិងអធិស្ថានសួមឱ្យលោកដូណាល់ត្រាំបានរួចផុតពីភាពងងឹតទាំងឡាយ។ នៅជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហោះ សារនៅលើបណ្តាញសង្គម X ថា «អំពើហឹង្សាបែបនេះជាអំពើដែលគ្មានហេតុផលនិងមិនត្រូវ ឱ្យមាននៅលើពិភពលោកនេះឡើយ»។
លោកហ្សេឡិនស្គី បានចូលរួមរំលែកទុក្ខដល់អ្នកចូលរួមម្នាក់ដែលបានបាត់បង់ជីវិត និងពីរ នាក់ផ្សេងទៀតដែលរងរបួសក្នុងហេតុការណ៍បាញ់ប្រហារថ្ងៃទី១៣កក្កដានោះ។
នៅក្នុងប្រទេសជប៉ុននោះវិញ លោកនាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យមាន ការងើបឈរប្រឆាំងនឹងអំពើហឹង្សាដែល «ជាឧបសគ្គនៃដំណើរការលទ្ធិប្រជាធិបតេយ្យ»។
ប្រទេសជប៉ុន ក៏ធ្លាប់មានអំពើហិង្សាបាញ់សម្លាប់មនុស្សផងដែរក្នុងដំណាក់កាលឃោសនា បោះឆ្នោត។ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានគេបាញ់សម្លាប់នៅក្នុង ព្រឹត្តិ ការណ៍មួយដែលលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាខែកក្កដា ឆ្នាំ២០២២។ ពីតំបន់មជ្ឈិមបូព៌ានោះវិញ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ថ្លែងថា រូបលោកនិងភរិយា មានក្តីភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ … ខណៈប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះអំពើបាញ់ប្រហារនោះ។
ចំណែកប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បានសរសេរលើបណ្តាញសង្គម ហ្វេសប៊ុក ហៅព្រឹត្តិការណ៍ថ្ងៃទី១៣កក្កដានោះថាជា «ឧប្បត្តិហេតុក្បត់»។
ប្រតិកម្មពីប្រទេសចិន រុស្ស៊ី ឥណ្ឌា គុយបា ប្រេស៊ីលនិងប្រទេសដទៃទៀត បើទោះបីជាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាពាណិជ្ជកម្ម និងលើបញ្ហាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ និងការកើន ឡើងនៃទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងរុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយ ក្រែនក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោកប្រធានាធិបតី Xi Jinping បាន«សម្តែងការអាណិតអាសូរឈឺឆ្អាល» ចំពោះលោក Donald Trump ។ ចំណែក ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-Te បានសរសេរតាមបណ្តាញសង្គមបួងសួងសូមឱ្យ លោកដូណាល់ត្រាំប្រញាប់ជាសះស្បើយ។ ប្រធានាធិបតីតៃវ៉ាន់ដដែលបាននិយាយថា «អំពើ ហិង្សានយោបាយគ្រប់ទំរង់មិនត្រូវឱ្យកើតមានឡើយនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ»។
ចំណែកនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បាននិយាយថា លោក«មានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារមកលើមិត្តរបស់ខ្ញុំ»។ លោក Narendra Modi បានបន្ថែមថា «មិនត្រូវឱ្យមានអំពើហិង្សាកើតក្នុងនយោបាយ និងលទ្ធិប្រជាធិបតេយ្យឡើយ»… រីឯនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានហៅការបាញ់ប្រហារនោះថាជា «ការ អភិវឌ្ឍន៍គួរឱ្យភ្ញាក់ផ្អើល»។
ប្រទេសរុស្ស៊ីក៏មានសារខ្លះដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាថ្ងៃទី១៣កក្កដានោះដែរ។ សេចក្តីថ្លែងការណ៍របស់រុស្ស៊ី បើទោះបីជាមិនបង្ហាញនូវភាពរាក់ទាក់ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារុស្ស៊ី «តែងតែថ្កោលទោស ហើយយើងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាក្នុងអំឡុងពេលដែលមានការតស៊ូនយោបាយ»។
លោក Dmitry Peskov បានសរសេរបន្ថែមថា៖ «យើងមិនដែលគិតទាល់តែសោះ ហើយយើង មិនដែលជឿទាល់តែសោះថាការប៉ុនប៉ងចង់លុបបំបាត់បេក្ខជនប្រធានាធិបតី Trump ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលបច្ចុប្បន្ននោះទេ»។ សាររបស់លោក Dmitry Peskov បានបន្ត ទៀតថា «ប៉ុន្តែបរិយាកាសដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលការតស៊ូនយោបាយ, បរិយាកាសហ៊ុំព័ទ្ធជុំវិញបេក្ខជនលោក Donlad Trump គឺច្បាស់ណាស់ថាជាអ្វីដែលអាមេរិកបាន ធ្វើ ហើយត្រូវបានប្រឈមមុខនឹងថ្ងៃនេះ»។
នៅជាមួយគ្នានេះដែរ ស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាន ថ្លែងតាមប្រព័ន្ធតេឡេក្រាម Channel ថា ក្រុមសភាអាមេរិកគួរតែប្រើប្រាស់លុយផ្តល់ទៅឱ្យ ប្រទេសអ៊ុយក្រែនមកជួយផ្គត់ផ្គង់ប៉ូលីសអាមេរិកនិងអង្គភាពដទៃទៀត ដើម្បីជួយធានាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងសហរដ្ឋអាមេរិកនោះ។
ប្រទេសអាហ្វ្រិកខាងត្បូង លោកប្រធានាធិបតី Cyril Ramaphosa បានសរសេរតាមបណ្តាញ សង្គម X ថាការប៉ុនប៉ងធ្វើឃាតដាក់លើលោកដូណាល់ត្រាំ គឺជាការរំលឹកយ៉ាងច្បាស់ក្រឡែត «នូវគ្រោះថ្នាក់នៃភាពជ្រុលនិយមនយោបាយនិងការមិនអត់ឱន»។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ដែលថ្មីៗកន្លងមកនេះរងការបាញ់ប្រហារវិះនឹង ស្លាប់ដោយសារខ្មាន់កាំភ្លើងនៅក្នុងស្រុកដែរនោះ បានហៅការវាយប្រហារដាក់លើលោក ដូណាលត្រាំថាជា «សេណារីយ៉ូមួយដែលធ្វើចម្លងតាម»។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Masrour Barzani បានថ្កោលទោសអំពើវាយប្រហារនោះដោយ លោកចាត់ទុកថាវាជាអំពើភេរវកម្មក្នុងស្រុកមួយដ៏គ្មានន័យ។ ប្រធានាធិបតីប្រទេសអាហ្សង់ទីនលោក Javier Milei បានថ្លែងថាលោកដូណាល់ត្រាំ«គឺជា ជនរងគ្រោះនៃការប៉ុនប៉ងធ្វើឃាតដ៏កំសាក ដែលធ្វើឱ្យជីវិតរបស់លោកនិងជីវិតរបស់មនុស្ស ច្រើនរយនាក់ប្រឈមនឹងគ្រោះថ្នាក់»។ លោក Javier Mileiបានសរសេរថា ការប៉ុនប៉ងធ្វើ ឃាតនោះ បានបង្ហាញនូវក្តីអស់សង្ឃឹមរបស់ពួកឆ្វេងនិយមអន្តរជាតិនិងក្តីប្រាថ្នារបស់ពួកគេ ដែលចង់ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យអស្ថិរភាព និងចង់លើកតម្កើងអំពើហិង្សាដើម្បីដណ្តើមយក អំណាច»។
ពីប្រទេសគុយបានោះវិញ, បើទោះបីជាមិនបានបញ្ចេញឈ្មោះចំដាក់ទៅលើលោកដូណាល់ ត្រាំក៏ដោយ អគ្គលេខាធិការទី១នៃបក្សកុម្មុយនិស្តគុយបា លោក Miguel Diaz-Canel Bermudez បាននិយាយថា ប្រទេសរបស់លោកបាន «ផ្តល់សច្ចាប័នលើគោលជំហរប្រវត្តិ សាស្ត្ររបស់ខ្លួនក្នុងការថ្កោលទោសចំពោះអំពើហឹង្សាគ្រប់ទម្រង់»។
ពីប្រទេសប្រេស៊ីលនោះវិញ, ប្រធានាធិបតីលោក Luiz Inácio Lula da Silva បានហៅការ បាញ់ប្រហារថ្ងៃទី១៣កក្កដានោះថា «មិនអាចទទួលយកបានឡើយ"…ចំណែកប្រធានាធិបតី ម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថាអំពើនោះជាអំពើឧក្រិដ្ឋដែលត្រូវតែ "ថ្កោលទោស»។
សារលិខិតប្រតិកម្មពាក់ព័ន្ធអំពើប៉ុនប៉ងធ្វើឃាតលើលោកដូណាល់ត្រាំ មានជាច្រើនថែមទៀត ពីបណ្តាប្រទេសនៅលើសកលលោក។ នៅក្នុងសហរដ្ឋអាមេរិកនោះវិញ ការស៊ើបអង្កេតរបស់ក្រុមFBI ដើម្បីស្វែងរកការជាប់ពាក់ ព័ន្ធនានាជាមួយនឹងឃាតករដែលគេបានបាញ់សម្លាប់ កំពុងតែមានសកម្មភាពទៅជាបន្ត។ របាយការណ៍របស់ NBC News អាមេរិកបាននិយាយថា ក្រុម FBI បានធ្វើកោសល្យវិច័យនិង ការវិភាគលើសម្ភារៈប្រើប្រាស់របស់យុវជនThomas Matthew Crooks ដែលជាខ្មាន់កាំភ្លើង បាញ់ស្លាប់នៅលើដំបូលអគារ ក្នុងនោះរួមមានទាំងទូរស័ព្ទដៃនិង Laptop។
សេចក្តីរាយ ការណ៍បានឱ្យដឹងថាក្រុមជំនាញមានវិធីចូលឆែកក្នុងទូរស័ព្ទដៃរបស់ខ្មាន់កាំភ្លើងនោះហើយ ក្រោយការប្រើរយៈពេលមួយថ្ងៃដើម្បីដោះសោរសម្ងាត់។ មិនមានសេចក្តីរាយការណ៍ភ្លាមៗជុំ វិញការរកឃើញអ្វីណាមួយនៅក្នុងសម្ភារៈប្រើប្រាស់របស់យុវជនជាខ្មាន់កាំភ្លើងនោះឡើយ ហើយក៏មិនមានការបញ្ជាក់បន្ថែមអ្វីទាំងអស់ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ការរកឃើញឧប ករណ៍ជាតិផ្ទុះដែលស្ថិតក្នុងរថយន្តរបស់យុវជនខ្មាន់កាំភ្លើងដែលគេបានបាញ់សម្លាប់នោះដែរ ។ នៅជាមួយគ្នានេះដែរ គណៈកម្មាធិការត្រួតពិនិត្យរបស់សភាតំណាងរាស្ត្រអាមេរិកបាន ស្នើ ការប្រគល់ជាផ្លូវការនូវឯកសារនានាពីក្រុមសម្ងាត់អាមេរិកពាក់ព័ន្ធនឹងការស៊ើបអង្កេតស្វែង រកតម្រុយពាក់ព័ន្ធអំពើប៉ុនប៉ងបាញ់ប្រហារដាក់លើរូបលោកដូណាល់ត្រាំនោះ។ គណៈកម្មាធិ ការសភាតំណាងរាស្ត្រអាមេរិក គ្រោងនឹងធ្វើសវនាការមួយនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីរកការពិតក្នុងការចង់ដឹងថា តើការប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនោះ មានអំពើពាក់ព័ន្ធរបស់វាអ្វីខ្លះ?