(វ៉ាស៊ីនតោន)៖ នៅពេលរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ អ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងជាងគេ នោះគឺរូបភាពនៃការវាយប្រហារដោយ គ្រាប់មីស៊ីលនៅតាមកញ្ចប់ទូរទស្សន៍ និងលើបណ្ដាញទំនាក់ទំនងសង្គម។ តែផ្ទុយទៅវិញ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ឬ cyberattack លើប្រព័ន្ធផ្កាយរណបប្រើប្រាស់ដោយ អ៊ុយក្រែន ដើម្បីសម្របសម្រួលប្រតិបត្តិការកងទ័ព និងដ្រូន និងជាប្រព័ន្ធមួយដែលផ្ដល់សេវាអ៉ីនធើណិតដល់អ្នកប្រើប្រាស់ច្រើនជាង ១០០ ០០០នាក់ផងនោះ ក្នុងប្រទេសចំនួន១៣ នៅទូទាំងតំបន់អឺរ៉ុប និងអាហ្វ្រិកខាងជើង បែរជាកើតឡើងយ៉ាងអាថ៌កំបាំងអស់រយៈពេលជាច្រើនសប្ដាហ៍។ មកទល់នឹងពេលនេះ រដ្ឋាភិបាលរុស្ស៉ីនៅតែបដិសេធថាខ្លួនមិនមាន ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដែលត្រូវបានក្រុមអ្នកជំនាញហៅថាជា «សង្រ្គាមកូនកាត់» នោះឡើយ។
* អ្វីទៅជាសង្គ្រាមកូនកាត់?
តាមក្រុមអ្នកជំនាញ សង្រ្គាមកូនកាត់ គឺជាការលាយឡំគ្នារវាងយុទ្ធសាស្ត្រធម្មតា និងមិនធម្មតា ហិង្សា និងអហិង្សា ដោយប្រយោល និងដោយផ្ទាល់ បើកចំហ និងជាសម្ងាត់ ដើម្បីបើក ការវាយប្រហារលើប្រទេសដទៃណាមួយ។ ចំណែក ឧបករណ៍ដែលគេប្រើប្រាស់នៅក្នុងសង្រ្គាមកូនកាត់ រួមមានព័ត៌មានក្លែងក្លាយ សម្ពាធសេដ្ឋកិច្ច ការឃោសនា វិទ្ធង្សនា និងការប្រើប្រាស់ កងកម្លាំងក្រៅផ្លូវការ តួយ៉ាងដូចជាទាហានគ្មានឯកសណ្ឋានជាដើម។ លើសពីនេះទៅទៀត ការប្រើប្រាស់ជនអន្តោប្រវេសន៍ជាអាវុធ និងការកាត់ផ្ដាច់រលកសញ្ញាប្រព័ន្ធ GPS ក៏ត្រូវបាន ចាត់ទុកថាជាផ្នែកមួយនៃសង្រ្គាមកូនកាត់ដែរ។ បើតាមអង្គការ NATO ការវាយប្រហារកូនកាត់ ឬសង្រ្គាមកូនកាត់ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងសង្រ្គាម និងសន្តិភាព ព្រមទាំងធ្វើឱ្យមានភាពច្របូលច្របល់នៅក្នុងចំណោមប្រជាជនដែលជាគោលដៅ។
* តើសង្រ្គាមកូនកាត់ត្រូវបានប្រើយ៉ាងដូចម្ដេច ក្នុងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន?
ក្រុមប្រទេសលោកខាងលិច រួមទាំងអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៉ីដែលមានសមត្ថភាពខ្លាំងខាង cyber និងថាមពលស៊ីនេទិច បាន និងកំពុងប្រើប្រាស់សមត្ថភាពរបស់ខ្លួនទាំង២នេះ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ តាមក្រុមហ៊ុន Microsoft ការវាយប្រហារ cyberattacks របស់រុស្ស៉ីបានលុបចោលទិន្នន័យនៅលើប្រព័ន្ធរបស់អ៊ុយក្រែន គួបផ្សំជាមួយការវាយប្រហារដោយ មីស៊ីល និងដ្រូនលើបណ្ដាញផ្គត់ផ្គង់ទឹក ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាលពីដើមឆ្នាំ២០២២ នៅពេលកងកម្លាំងរុស្ស៉ីដកថយចេញពីតំបន់មួយចំនួនដែលខ្លួនកាន់កាប់ ក្នុង ប្រទេសអ៊ុយក្រែន។ ការវាយប្រហារទាំងនោះបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ រីឯអាជ្ញាធរអ៊ុយក្រែនត្រូវចំណាយពេលយ៉ាងយូរ ក្នុងការស្ដារ IT និងហេរដ្ឋារចនាសម្ព័ន្ធ ទាំងនោះឱ្យដំណើរការឡើងវិញ។
ការកើនឡើងនៃការវាយប្រហារកូនកាត់បាននាំទៅរកការសន្មត់ថារុស្ស៉ីបានបើកសមរភូមិសង្រ្គាមទី២ នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយការកំណត់គោលដៅចម្បងលើបណ្ដាប្រទេសជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត។ កាលពីឆ្នាំ២០២៣ ហ្វាំងឡង់បានបិទព្រំដែនរបស់ខ្លួនមានប្រវែង១៣០០គីឡូម៉ែតជាប់ជាមួយរុស្ស៉ី បន្ទាប់ពីអាជ្ញាធររកឃើញវត្តមានជនអន្តោប្រវេសន៍ត្រូវបាន ដឹកទាំងឡានៗដោយភ្នាក់ងាររុស្ស៉ី ក្នុងគោលបំណងដាក់សម្ពាធលើការគ្រប់គ្រងព្រំដែន និងធ្វើឱ្យប្រជាជនហ្វាំងឡង់ផ្ទុះកំហឹងចំពោះរដ្ឋាភិបាលរបស់ពួកគេ។ យុទ្ធសាស្ត្ររបៀបនេះត្រូវបានគេ រាយការណ៍ជាលើកដំបូងក្នុងឆ្នាំ២០១៥ នៅពេលដែលជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវបានប្រទះឃើញនៅឯស្ថានីយព្រំដែន Lapland ក្នុងប្រទេសហ្វាំងឡង់ និងន័រវែស។ នៅពេលនោះដែរ អាជ្ញាធរហ្វាំងឡង់បានបញ្ជាក់ថាវាគឺជាការធ្វើតេស្ដលើការស្ទាបស្ទង់ការត្រៀមលក្ខណៈ។ ការកើនឡើងលំហូរជនអន្តោប្រវេសន៍បានផ្ទុះឡើងក្នុងឆ្នាំ២០២១ នៅក្នុងប្រទេសឡេតូនី លីទុយអានី និងប៉ូឡូញ នៅក្រោយពេលដែលជនជាតិស៊ីរី និងប្រជាជនមកពីប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា សម្រុកចូលក្នុងតំបន់អឺរ៉ុប ដោយបានទៅដល់បេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី។
ម្យ៉ាងវិញទៀត ការផ្ទុះបំពង់ឧស្ម័នក្រោមបាតសមុទ្រ Nord Stream 1 និង Nord Stream 2 គ្រប់គ្រងដោយរុស្ស៉ី និងបង្ហូរឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែកញ្ញា ឆ្នាំ២០២២ ក៏ត្រូវបាន គេចាត់ទុកថាផ្នែកមួយនៃសង្រ្គាមកូនកាត់ផងដែរ។ រុស្ស៉ីបានចោទសហរដ្ឋអាមេរិក អ៊ុយក្រែន និងប៉ូឡូញជាអ្នកបំផ្ទុះបំពង់ឧស្ម័នទាំង២នេះ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានទម្លាក់ កំហុសលើរុស្ស៉ីថាជាអ្នកបំផ្លាញបំពង់បង្ហូរឧស្ម័នរបស់ខ្លួនឯង។ រហូតដល់ខែមីនា ឆ្នាំ២០២៣ ព័ត៌មានសម្ងាត់មួយដែលត្រូវបានចុះផ្សាយដោយកាសែតអាមេរិក New York Times បានឱ្យដឹងថាមនុស្សមួយក្រុមជាអ្នកគាំទ្រអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះបំពង់ឧស្ម័នទាំង២ខាងលើ។ ចូលដល់ឆ្នាំ២០២៤ បំពង់ឧស្ម័នមួយផ្សេងទៀត និងខ្សែកាបអ៉ីនធើណិតនៅក្រោមសមុទ្របាល់ទិក បានរងការខូចខាតដោយសារទាក់ជាមួយយុថ្ការបស់កប៉ាល់មួយគ្រឿង។ ឧទ្ទវហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
* តើនរណាខ្លះជាតួអង្គសំខាន់ក្នុងសង្គ្រាមកូនកាត់?
វិទ្យាស្ថាន Council on Foreign Relations មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាប្រទេសចំនួន៣៤ ត្រូវបានជាប់សង្ស័យថាជាអ្នកគាំទ្រ ឬនៅពីក្រោយ cyberattacks ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ ដោយក្នុងនោះចិន រុស្ស៉ី អ៉ីរ៉ង់ និងកូរ៉េខាងជើង ជាអ្នកទទួលខុសត្រូវ ៣ភាគ៤ នៃ cyberattacks ខណៈសហរដ្ឋអាមេរិកក៏ស្ថិតនៅក្នុងបញ្ជីផងដែរ។ តាមកាសែត New York Times សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរួមដៃគ្នាដឹកនាំប្រតិបត្តិការ cyberattack ក្រោមឈ្មោះថា Stuxnet ដែលត្រូវបានរាយការណ៍ក្នុងឆ្នាំ២០១០ និង មានជាប់ ពាក់ព័ន្ធនឹងកូដកុំព្យូទ័រដែលបានបំផ្លាញម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ជាង១០០០គ្រឿង។ ដោយឡែក តួអង្គមិនមែនរដ្ឋ ដូចជាទាហានស៊ីឈ្នួល Wagner ក៏បានចូលរួមក្នុង cyberattack ដែរ។ ដោយឡែក បើតាមវិទ្យាស្ថាន Center for Strategic & International Studies សហរដ្ឋអាមេរិកជាគោលដៅ cyberattack ធំជាងគេបំផុត តាមពីក្រោយដោយ ចក្រភពអង់គ្លេស និងឥណ្ឌា។
គួរបញ្ជាក់ថា សៀវភៅមគ្គទេសក៍ Tallinn Manual ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវមួយរបស់ NATO បានចែងថាគោលដៅដែលស្ថិតនៅក្រៅ cyberattack ក្នុងនោះរួមមានសាលារៀន និងមន្ទីរពេទ្យជាដើម ហើយថែមកំណត់ទៀតផងពីកាលៈទេសដែលប្រទេសមួយអាចឆ្លើយតបទៅនឹង cyberattacks ឬ cyberwarfare (សង្រ្គាមតាមប្រព័ន្ធអ៉ីនធើណិត) ដោយការប្រើប្រាស់កម្លាំងយោធា។ ប៉ុន្តែ Tallinn Manual មិនមានឥទ្ធិពលផ្លូវការអ្វីនោះទេ៕