(អឺរ៉ុប)៖ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ដោយលើកឡើងថា ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះ «ការរំលោភសិទ្ធិមនុស្សមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ» ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង East Jerusalem។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។
ក្នុងចំណោមអ្នករងទណ្ឌកម្មមានក្រុមមួយឈ្មោះ Tzav 9 ដែល EU និយាយថា តែងតែបានរារាំងរថយន្តជំនួយដឹកមនុស្សធម៌ ដូចជាអាហារ ទឹក និងប្រេងឥន្ធនៈ ទៅកាន់តំបន់ហ្កាហ្សា។ ក្រៅពីនោះក៏មាន លោក Ben-Zion Gopstein ស្ថាបនិក និងជាមេដឹកនាំអង្គការ Lehava និង Isaschar Manne ដែល EU ពិពណ៌នាថា ជាអ្នកបង្កើតប៉ុស្តិ៍ត្រួតពិនិត្យគ្មានការអនុញ្ញាត នៅតំបន់ West Bank។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បានហៅការដាក់ទណ្ឌកម្មនេះថាជា ចំណាត់ការមិនសមរម្យ និងមិនអាចទទួលយកបានក្នុងន័យមិត្តភាព ហើយជាកិច្ចអន្តរាគមន៍ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ ដែលប៉ះពាល់ដល់សេរីភាព នៃការបញ្ចេញមតិ និងការតវ៉ាក្នុងចំណោមពលរដ្ឋអ៉ីស្រាអែល។
គួរបញ្ជាក់ថា បុគ្គល និងអង្គភាពទាំងពីរនេះ ក៏រងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ ដោយក្រុម Tzav 9 ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទថាបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងការរួមបញ្ចូលគ្នា នៃជនជាតិជ្វីហ្វជាមួយ ក្រុមមិនមែនដើមកំណើតជ្វីហ្វ និងបង្កការញុះញង់ប្រឆាំងអារ៉ាប់ក្នុងនាមសាសនា និងសន្តិសុខជាតិ៕