(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ បាននិយាយថា ជាដំបូងរុស្ស៉ីត្រូវការយល់ឱ្យច្បាស់សិន ថាតើប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានន័យដូចម្តេច នៅពេលលោកនិយាយអំពី «កិច្ចប្រជុំកំពូលសន្តិភាព» មុនទទួលយកការអញ្ជើញណាមួយ ដើម្បីចរចាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ឆ្លើយតបសម្តីលោក ហ្សេលេនស្គី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «កិច្ចប្រជុំកំពូលសន្តិភាពលើកទីមួយ គឺមិនមែនជា កិច្ចប្រជុំកំពូលសន្តិភាពសោះតែម្តង។ ដូច្នេះហើយ វាប្រហែលជារឿងចាំបាច់ ក្នុងការយល់ឱ្យច្បាស់ជាមុនសិនថា តើលោកចង់បានន័យដូចម្តេច។»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា រុស្ស៉ីគួរតែមានអ្នកតំណាងចូលរួម កិច្ចប្រជុំសន្តិភាពលើកទីពីរ ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ក្រោយកិច្ចប្រជុំលើកទី១ កាលពីខែមិថុនា នៅប្រទេសស្វីស ដែលរុស្ស៉ីមិនបានចូលរួម។
សម្តីនាពេលនេះរបស់លោក ហ្សេលេនស្គី ហាក់ជាការបន្ទន់ឥរិយាបថខុសពីពេលមុន ដែលរូបលោកធ្លាប់តែបានច្រានចោលលទ្ធភាព នៃការអញ្ជើញទីក្រុងមូស្គូ ដើម្បីចរចាគ្នា។ មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ មកពីប្រទេសនិងស្ថាប័នសរុបជាង៩០ បានទៅជួបជុំគ្នា កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ក្នុងកិច្ចពិភាក្សានៅស្វីស ដែលមានគោលដៅស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់សង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា រុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំកំពូលនោះឡើយ ហើយចិនដែលជាកំពូលមហាអំណាចមួយ ព្រមទាំងប្រទេសជាច្រើនទៀត ក៏បានសម្រេចចិត្តមិនទៅចូលរួមដែរ។ វិមានក្រឹមឡាំង បានរិះគន់លើកិច្ចប្រជុំនៅស្វីស ដោយលើកឡើងថា កិច្ចពិភាក្សាណាមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលមិនមានវត្តមានរុស្ស៉ី គឺជារឿងឥតប្រយោជន៍៕